តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ ឱ្យដឹងនៅ ព្រឹកថ្ងៃទី០៣ ខែកក្កដានេះបានអោយដឹងថា យ៉ាងហោចណាស់មានជនសង្ស័យ២៤នាក់ ត្រូវបាន សមត្ថកិច្ចឃាត់ ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង២៤នាក់នោះ មាន ១០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ០៩ករណី និងជនសង្ស័យ ១៤នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន ០៤ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ច ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយ ការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយ ការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ចផងដែរ៕