រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតឱ្យអគ្គរដ្ឋទូតវៀតណាម ចូលជម្រាបលា

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បាន អនុញ្ញាតឱ្យលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ចូលជម្រាបលា និង ពិភាក្សាលើការងារមួយចំនួនក្រោយពេលបញ្ចប់អាណត្តិការងារនៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលបាន បំពេញបេសកកម្មប្រកបដោយជោគជ័យនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការ រួមចំណែករបស់លោកឯកអគ្គរដ្ឋទូត លើការអភិវឌ្ឍន៍គ្រប់វិស័យ និងជួយបង្កើនទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងប្រទេសទាំងពីរ ឈានដល់ការរីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម រដ្ឋមន្ត្រី និងលោកឯកអគ្គរដ្ឋទូត បានអះអាងនូវកិច្ចសម្រួលពាណិជ្ជកម្ម លំហូរទំនិញរវា ងប្រទេសកម្ពុជា និងវៀតណាម ឱ្យកាន់តែរលូន ទោះបីជាក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគី ដែលកម្ពុជាបានបញ្ចប់ការចរចា។

លើសពីនេះ ភាគីទាំងពីរប្តេជ្ញាបន្ត ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែឈានដល់កម្រិតដែល ប្រទេសទាំងពីរចង់បាន។

ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលវៀតណាម ចំពោះការគាំទ្រ និងផ្តល់ជំនួយលើគ្រប់វិស័យដល់កម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជូនពរលោក ឯកអគ្គរដ្ឋទូត Vu Quang Minh ឱ្យបន្ដទទួលបានជោគជ័យថែមទៀតនៅក្នុងភារកិច្ចថ្មី៕