ប្រទេសវៀតណាមកាលពីថ្ងៃ១កក្កដាម្សិលមិញបានរាយការណ៍អ្នកឆ្លងកូវីដ១៩ច្រើនបំផុតមិនដែលធ្លាប់មានពីមុនមក នៅពេលខ្លួនត្រៀមធ្វើតេស្តិ៍ទ្រង់ទ្រាយធំលើប្រជាជនកន្លះក្រុងដើម្បីទប់ល្បឿនចម្លងដែលកំពុងមានសម្ទុះខ្លាំង។
ភាគច្រើននៃការឆ្លង៧១៣នាក់កាលពីម្សិលមិញ ត្រូវបានរកឃើញនៅទីក្រុងហូជីមិញភាគខាងត្បូងដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមានមនុស្សរស់នៅ៩លាននាក់។ឥឡូវអាជ្ញាធរមានផែនការធ្វើតេស្តិ៍លើប្រជាជនពាក់កណ្តាលនៃទីក្រុងនេះអោយបានមុនថ្ងៃអង្គារសប្តាហ៍ក្រោយ។
នៅព្រឹកថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសការរកឃើញអ្នកឆ្លងថ្មី១៤៧នាក់ទៀត ក្នុងនេះ១១៨នាក់នៅក្រុងហូជីមិញ។ទីក្រុងភាគខាងត្បូងនេះ មានផែនការធ្វើចត្តាឡីស័កជនសង្ស័យឆ្លងកូវីដ១៩នៅតាមផ្ទះ ហើយអាចនឹងត្រូវអនុវត្តនៅទូទាំងប្រទេស។
វៀតណាមតាំងពីមុនមក មានអ្នកកើតកូវីដ១៩សរុប១៧.៧២៣នាក់ និង៨១នាក់ស្លាប់ ភាគច្រើនកើតឡើងនៅក្នុងការផ្ទុះជំងឺនៅរលកបច្ចុប្បន្នចាប់ពីថ្ងៃ១មេសាមក។រដ្ឋមន្ត្រីសុខាភិបាលវៀតណាមបាននិយាយថា «ចាំបាច់ត្រូវដោះស្រាយបញ្ចប់ការឆ្លងរាលដាលនៅពេលឥឡូវ បើមិនដូច្នេះទេការខាតបង់សេដ្ឋកិច្ចធំធេងណាស់។
ការឆ្លងនឹងបន្ត នឹងមានអ្នកឆ្លងក្នុងសហគមន៍ច្រើនឡើង ជាពិសេសនៅតាមសួនឧស្សាហកម្ម តំបន់មានមនុស្សណែនណាន់តាន់តាប់ហើយអាចបង្កការផ្ទុះជំងឺកាន់តែធំ»។
លោករដ្ឋមន្ត្រីបានបន្ថែមថា ការផ្គត់ផ្គង់វ៉ាក់សាំងនឹងត្រូវបង្កើនចាប់ពីខែនេះ ដោយវ៉ាក់សាំងប្រមាណ៣០លានដូសទំនងជានឹងមកដល់នៅត្រីមាសទី៣នៃឆ្នាំ២០២១ហើយ«រដ្ឋាភិ បាលមានផែនការចាក់វ៉ាក់សាំងអោយបាន៧០ទៅ៧៥ភាគរយនៃប្រជាពលរដ្ឋខ្លួន៩៨លាននាក់នៅយ៉ាងយូរត្រឹមចុងឆ្នាំនេះឬ ដើមឆ្នាំក្រោយ។មនុស្សប្រមាណ២០០.០០០នាក់បានចាក់វ៉ាក់សាំងពេញលេញនៅវៀតណាម»៕