ក្រសួងប្រៃសណីយ៍ ប្រកាសលក់ឧបករណ៍តេស្តរហ័ស អង់ទីហ្សែនកូវីដ-១៩ ក្នុងតម្លៃដើម៣,៧ ដុល្លារ ក្នុងមួយឧបករណ៍ តែមិនលក់ជូនសម្រាប់ធ្វើអាជីវកម្មបន្ដនោះឡើយ

តាមសេចក្ដីជូនដំណឹង ដែលទទួលបាន គឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test)។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា យោងតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ និងដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹង ប្រែង របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានទាន់ពេលវេលា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូន ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងទាំង អស់ជ្រាបថា ក្រសួងប្រៃសណីយ៍ នឹងនាំចូលឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ (Covid-19 Rapid Antigen Test) ពីប្រទេសកូរ៉េ ដើម្បីចែកចាយ បន្តក្នុងតម្លៃដើម៣,៧ដុល្លារអាមេរិក ក្នុងមួយឧបករណ៍។

ក្រសួងប្រៃសណីយ៍ បានគូសបញ្ជាក់ទៀតថា ឧបករណ៍តេស្តរហ័សនេះ នឹងត្រូវលក់ជូនក្នុងគោល ដៅយកទៅប្រើប្រាស់តែប៉ុណ្ណោះ ដោយមិនត្រូវយកទៅលក់បន្តឡើយ។

ក្នុងន័យនេះ ថ្នាក់ដឹកនាំ ឬម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថាន ហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំ ដែលមានការគ្រប់គ្រងទាំងអស់ ដែលមានបំណងចង់យកសំណាកលើ បុគ្គលិក និយោជិត កម្មកររបស់ខ្លួន អាចទំនាក់ទំនងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីទិញឧបករណ៍ តេស្តរហ័ស នេះ តាមរយៈ តេឡេក្រាម t.me/rapidtestkh ឬលេខទូរសព្ទ ១២៣/ ០៦៧ ៨១៨ ៧៨២/ ០១៧ ៨៤៨ ១០៨/ ០៧៧ ៨៦៧ ៩៥៧ នៅរៀងរាល់ ម៉ោងធ្វើការ។

ចំពោះការទូទាត់អាចផ្ទេរមកគណនីធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) របស់ក្រសួង ដែល មាន ឈ្មោះគណនី MPTC និងលេខគណនី 567 789 123។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងសហការជាមួយស្ថាប័ន ពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាល លើការយកសំណាកនេះឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព មុននឹងប្រគល់ឧបករណ៍តេស្តរហ័ស នេះ។អាស្រ័យហេតុនេះ សូមថ្នាក់ដឹកនាំ ឬម្ចាស់ ក្រុមហ៊ុន សហគ្រាស រោងចក្រ ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុ និងទីតាំងប្រមូលផ្តុំដែលមានការគ្រប់គ្រង ទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន៕