អង្គការសហប្រជាជាតិ ទទួលស្គាល់ការឡើងកម្ដៅបំបែកកំណត់ត្រាថ្មីមួយ ដល់ទៅ ១៨.៣អង្សាសេ នៅទ្វីបអង់តាក់ទិច

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១បានអោយដឹងថាអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានទទួលស្គាល់ពីការកើនឡើងកម្ដៅបំបែកកំណត់ត្រាថ្មីមួយនៅលើទ្វីបអង់តាក់ទិច រហូតដល់ទៅ ១៨.៣អង្សាសេ កាលពីឆ្នាំ២០២០កន្លងទៅ។

បើតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហ ប្រជាជាតិ ការឡើងកម្ដៅខាងលើត្រូវបានរាយការណ៍នៅឯស្ថានីយស្រាវជ្រាវ Esperanza នៃ ប្រទេសអាហ្សង់ទីននៅលើឧបទ្វីបអង់តាក់ទិច កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។

អគ្គលេខាធិការ WMO លោក Petteri Taalas បានគូសបញ្ជាក់ថា ការឡើងកម្ដៅបំបែកកំណត់ត្រា ថ្មីខាងលើមានជាប់ពាក់ព័ន្ធនឹងការ ប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ការឡើងកម្ដៅបំបែកកំណត់ត្រាកាលពីពេលមុនលើទ្វីបអង់តាក់ទិច ពោលគឺលើ តំបន់ដីគោក និងតំបន់ជុំវិញកោះនៃទ្វីបមួយនេះគឺ ១៧.៥អង្សាសេ នៅឯស្ថានីយស្រាវជ្រាវ Esperanza កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥៕