នៅថ្ងៃទី៣០ ខែមិថុនា ខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៥០នាក់ និងជាសះស្បើយ ២៩នាក់

រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៥០នាក់ និងជាសះ ស្បើយ ចំនួន២៩នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺទើបរកឃើញថ្មីនេះ ករណីទី១ ដល់ទី១៨ ជាករណីមានប្រភព ចម្លងចេញពីផ្សារលើធំថ្មី, ករណីទី១៩ ដល់ទី២៤ ជាករណីមានប្រភពចម្លងចេញពីសង្កាត់ស្រង៉ែ និងករណីទី២៥ ជាករណីឆ្លងមានប្រភពចម្លងចេញពីស្រុកសូទ្រនិគម។

ករណីទី២៦ ដល់ទី២៧ ជាករណីមានប្រភពចម្លងចេញពីផ្សារសាមគ្គី, ករណីទី២៨ ជាករណីមាន ប្រភពចម្លងចេញពីភោជនីយដ្ឋានហេង ហេង២។ ករណីទី២៩ ដល់ទី៣៥ ជាអ្នកធ្វើដំណើរមកពី រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។

ករណីទី៣៦ ជាករណីឆ្លងពីអ្នកជំងឺឈ្មោះ សុខ ឃន និងករណីទី៣៧ ករណីឆ្លងពីអ្នកមកពីរាជធានី ភ្នំពេញ, ករណីទី៣៨ ដល់ទី៥០ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅ ឡើយ។ ដោយឡែកអ្នកជំងឺដែលជាសះស្បើយទាំង២៩នាក់ ត្រូវបានក្រុមគ្រូពេទ្យបាន អនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១១៤៥នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៤៣៦នាក់ ស្លាប់១១នាក់ និង៦៩៨នាក់ កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក។

រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើសូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វ កិច្ចចត្តាឡីស័ករដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤ /០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕