ប្រទេសថៃនឹងកំហិតចលនារបស់អ្នកទេសចរបរទេសទៅកាន់បណ្តាកោះតូចៗ ដោយដំបូងទទួលភ្ញៀវដែលចាក់វ៉ាក់សាំងហើយនិងបង់ប្រាក់ធានាកូវីដ១៩១សែនដុល្លារ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីម្នាក់។
រដ្ឋមន្ត្រីកីឡាភីផាត រ៉ាតចាគីតប្រាកាន បាននិយាយថា កោះតូចៗភូកេត កោះសាម៊ុយនិងភីភីស្ថិតចំណោមទីកន្លែងមុនគេដែលនឹងទទួលស្វាគមន៍គអ្នកទេសចរចាក់វ៉ាក់សាំងហើយដោយគ្មានការធ្វើចត្តាឡីស័កនៅមុនការបើកទេសចរណ៍នៅទូទាំងប្រទេសឡើងវិញ ។
លោកថា រដ្ឋនឹងអនុញ្ញាតអោយអាជ្ញាធរទប់ស្កាត់ចលនាមនុស្សបើសិនជាមានការឆ្លងក្នុងសហគមន៍កើតឡើង តែមិនបិទព្រំដែនដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះកូវីដជាចង្កោមដែលកើតចេញពីការបើកទទួលទេសចរបែបនេះទេ។
លោកថា «យើងមិនចង់បិទព្រំដែនរបស់យើងជាថ្មីដោយសារវាចំណាយពេលយូរណាស់ទម្រាំដល់ចំណុចបើកទទួលភ្ញៀវទេសចរបរទេសឡើងវិញនេះ និងវាពិបាកណាស់។យើងចង់បើកកោះភូកេតនិងសាម៊ុយដើម្បីអោយបរទេសមើលឃើញថា កោះថៃស្អាត គ្មានវីរុសកូរ៉ូណា»។
ភូកេត ទីតាំងទេសចរណ៍ពេញនិយមបំផុតរបស់ថៃ នឹងចាប់ផ្តើមទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងហើយចាប់ពីថ្ងៃព្រហស្បតិ៍ទី០១កក្កដានេះទៅនៅពេលប្រទេសដែលពឹងខ្លាំងលើទេសចរណ៍មួយនេះខិតខំជាច្រើនលើមកហើយដើម្បីធ្វើអោយឧស្សាហកម្មទេសចរណ៍រស់ឡើងវិញ។
ការចាប់ផ្តើមបើកផ្នែកខ្លះនៃប្រទេសដើម្បីទទួលភ្ញៀវទេសចរឡើងវិញនេះ កើតឡើងចំពេលការឆ្លងកូវីដ១៩នៅរដ្ឋធានីបាងកកនិងបណ្តាខេត្តជុំវិញកើនឡើងខ្លាំង ជាហេតុនាំអោយមានការព្រួយបារម្ភអំពីថាតើការចូលមករបស់ភ្ញៀវបរទេសនឹងបង្កអោយផ្ទុះជំងឺនេះថែមទៀតដែលនឹងទាញទម្លាក់កិច្ចខិតខំដើម្បីស្ថាបនាសេដ្ឋកិច្ចថៃឡើងវិញឬយ៉ាងណា។
កោះសាមុយក្នុងខេត្ត ស៊ូរ៉ាត ថានី ក៏នឹងបើកទទួលភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃ១៥កក្កដា បន្ទាប់ពីខេត្តជាប់ឆ្នេរសមុទ្រ ក្រាប៊ី និង ផាង ង៉ា ចាប់ពីខែសីហាទៅ មុនការបើទូទាំងប្រទេសនៅខែតុលា។
លោករដ្ឋមន្ត្រីបាននិយាយថា ការលើកលែងការធ្វើចត្តាឡីស័កតែមួយ មិនទាន់គ្រប់គ្រាន់ដើម្បីទាក់ទាញចរបរទេសនៅឡើយទេ ដោយសារពួកគេត្រូវបង់ធានារ៉ាប់រងកូវីដ១៩ចំនួន ១០០.០០០ដុល្លារនិងថ្លៃធ្វើតេស្តិ៍ជាច្រើនទៀត។ក្រសួងទេសចរណ៍ថៃ រំពឹងថានឹងមានអ្នកទេសចរបរទេសប្រមាណ១សែននាក់មកទស្សនាកោះភូកេតនៅបីខែខាងមុខ ខណៈមកទល់ពេលនេះមានអ្នកកក់កន្លែងប្រមាណ២០.០០០នាក់ហើយ៕