យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១បានបញ្ជាក់ប្រាប់អោយដឹងថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងក្រុមបាតុករប្រឆាំងរដ្ឋប្រហារចំនួន ២,២៩៦នាក់ ឱ្យមានសេរីភាពឡើងវិញចេញពីពន្ធនាគារនៅទូទាំងប្រទេស នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងនោះរួមមានទាំងអ្នកកាសែតនៅក្នុងស្រុកជាច្រើននាក់ផងដែរ។
ក្រោយការប្រកាសពីការដោះលែងក្រុមបាតុករខាងលើ មនុស្សប្រមាណជា ២០០នាក់បានប្រមូលផ្ដុំ គ្នានៅឯពន្ធនាគារ Insein ក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីរង់ចាំទទួល មនុស្សជាទីស្រឡាញ់របស់ខ្លួន។
បុរសម្នាក់ដែលរង់ចាំការដោះលែងកូនស្រីរបស់ខ្លួននៅខាងក្រៅពន្ធនាគារ Insein បាននិយាយថា លោកពិតជាមានមោទនភាព ខ្លាំងណាស់ចំពោះកូនស្រី ដែលបានចូលរួមក្នុងបាតុកម្មតវ៉ា ប្រឆាំង នឹងរដ្ឋប្រហារ។ បុរសរូបនេះដដែលបានគូសបញ្ជាក់បន្ថែមប្រាប់ AFP ដូច្នេះថា៖ «ខ្ញុំនឹងជំរុញលើក ទឹកចិត្តឱ្យកូនស្រីរបស់ខ្ញុំបន្តតស៊ូ រហូតដល់ពួកគេទទួលជោគជ័យ»។
សូមបញ្ជាក់ថាមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពចលាចលដ៏ហិង្សចាប់តាំងពីមានរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈមក ហើយបើតាមក្រុម អង្គការសង្គមស៊ីវិលមីយ៉ាន់ម៉ា មានមនុស្សច្រើនជាង ៨៨០នាក់បានស្លាប់នៅក្នុងការបង្រ្កាបពី សំណាក់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ខណៈជាង ៦,៥០០នាក់ទៀត ត្រូវបានចាប់ខ្លួន៕