បន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌុយតឺតេ និយាយថា មែននី ប៉ាកគីអៅ គួរតែបញ្ចេញឈ្មោះឱ្យអស់មកថាតើការិយាល័យរដ្ឋាភិបាលណាខ្លះពុករលួយ អ្នកប្រដាល់ប្រែមកជាអ្នកតំណាង រាស្ត្ររូបនេះបានបង្ហាញការខកចិត្តរបស់ខ្លួនកាលពីថ្ងៃអង្គារទី២៩ មិថុនា។
នៅក្នុងសេចក្តីថ្លែង ការណ៍មួយ លោកប៉ាក់គីអាវបាននិយាយថា រូបគេទទួលយកការបបួលពីលោកឌុយតឺតេ មួយនេះ ប៉ុន្តែនិយាយថាវាជាការខកចិត្តដែលពួកគេកំពុងឈ្លោះគ្នាអំពីបញ្ហាពុករលួយ។
លោកប៉ាកគីអៅនិយាយកាលពីថ្ងៃអង្គារថា “ខ្ញុំធ្លាប់សាងកំហុសក្នុងជីវិត ដែលខ្ញុំបានកែតម្រូវរួចហើយ ប៉ុន្តែខ្ញុំអាចប្រកាន់ខ្ជាប់នូវរឿងពីរយ៉ាង គឺ ខ្ញុំមិនពុករលួយ និង មិនមែនជាមនុស្សកុហកទេ”។
ការអត្ថាធិប្បាយនេះគឺជាទំព័រចុងក្រោយបង្អស់នៅក្នុងសង្គ្រាមពាក្យសម្តីដ៏គួរឱ្យភ្ញាក់ផ្អើលរវាងប្រធានាធិបតីនិងប៉ាកគីអៅដែលគេមើលឃើញថាស្ថិតក្នុងចំណោមអ្នកគាំទ្រខ្លាំងបំផុតរបស់ប្រធានាធិបតីនិងជាអ្នករំពឹងស្នងតំណែង នៅពេលអាណត្តិ ៦ ឆ្នាំរបស់លោកឌុយទែតផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ។
មេដឹកនាំចិត្តក្តៅហ្វីលីពីនរូបនេះបាននិយាយថាប៉ាកគីអៅបានរិះគន់អំពើពុករលួយនៅក្នុងរដ្ឋាភិបាលរបស់លោកនិងបានគំរាមបញ្ចោញធាតុពិតរបស់អ្នកប្រដាល់រូបនេះជាមនុស្សកុហក។
លោកឌុយតឺតេ និយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិកាលពីយប់ថ្ងៃអង្គារថា “ខ្ញុំមិនបាននិយាយថាគ្មានអំពើពុករលួយទេ ដូច្នេះសូមលាតត្រដាងវាមក។ ប្រសិនបើអ្នកមិនធ្វើវាទេ ខ្ញុំនឹងលាតត្រដាងថាអ្នកជាមនុស្សកុហករាល់ថ្ងៃ…ខ្ញុំស្គាល់អ្នកឯងច្បាស់ណាស់”។
ដោយប្រើពាក្យពេចន៍ធ្ងន់ៗបំផុតប្រឆាំងនឹងលោកប៉ាកគីអៅ លោកឌុឌុយតឺតេ និយាយថា ប្រសិនបើរូបគេមិនលាតត្រដាងអំពើពុករលួយទេ គាត់នឹងលេងនយោបាយជាមួយប៉ាកគីអៅតែម្តង៕