ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្មី ចូលកាន់តំណែងជាផ្លូវការហើយ

ឯកឧត្តម ប្រាជ្ញ ចន្ទ ដែលទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដោយរដ្ឋសភា និងតែងតាំង ដោយព្រះមហាក្សត្រ បានចូលកាន់តំណែងប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ជាផ្លូវការហេីយ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

ពិធីប្រកាសឱ្យចូលកាន់តំណែងប្រធាន គ.ជ.ប ថ្មីនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះ ករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ និង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ នាទីស្តីការ គ.ជ.ប។

ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបេក្ខជនដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងសម័យ ប្រជុំពេញអង្គ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីត្រូវបានគណបក្សប្រជា ជនជាគណបក្សដឹកនាំរាជរដ្ឋាភិបាលជ្រើសរើសជាបេក្ខជន ទៅតាមនីតិវិធីច្បាប់។

ឯកឧត្តម ប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចន្លោះពីឆ្នាំ១៩៩១ដល់២០០១ ជាអភិបាលខេត្តបាត់ដំបងពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការ សិទ្ធិ មនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ ក្លាយជាប្រធានគ.ជ.ប៕