ប្រទេសរុស្ស៊ីសាកល្បងប្រព័ន្ធការពារដែនអាកាសនៅតំបន់គ្រីមេ ខណៈអ៊ុយក្រែននិងសហរដ្ឋអាម៉េរិកធ្វើសមយុទ្ធរួមគ្នានៅសមុទ្រខ្មៅ
ទីភ្នាក់ងារសារព័ត៌មាន Interfaxបានរាយការណ៍នៅថ្ងៃអង្គារទី២៩មីនានេះថា រុស្ស៊ីបានសាកល្បងការត្រៀមខ្លួននៃប្រព័ន្ធការពារដែនអាកាសរបស់ខ្លួននៅក្នុងតំបន់គ្រីមេ ដែលជាឧបទ្វីបមួយដែលខ្លួនបានកាត់យកពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ខណៈអ៊ុយក្រែននិងអង្គការណាតូធ្វើសមយុទ្ធយោធានៅសមុទ្រខ្មៅ។
សមយុទ្ធឈ្មោះថាខ្យល់សមុទ្រដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទបានកើតឡើងបន្ទាប់ពីភាពតានតឹងកើនឡើងរវាងណាតូនិងរដ្ឋាភិបាលក្រុងមូស្គូ ដែលបាននិយាយកាលពីសប្តាហ៍មុនថាខ្លួនបានបាញ់ព្រមាននិងទម្លាក់គ្រាប់បែកនៅលើផ្លូវរបស់នាវាចម្បាំងអង់គ្លេសមួយដើម្បីបណ្តេញវាចេញពីសមុទ្រខ្មៅក្បែរឆ្នេរតំបន់គ្រីមេ។
កងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ីត្រូវបានដកស្រង់សម្តីដោយ Interfax ដោយនិយាយថាខ្លួនបានពង្រាយយន្តហោះចម្បាំងនិងឧទ្ធម្ភាគចក្រប្រមាណ ២០ គ្រឿងក្នុងនោះមានយន្តហោះទម្លាក់គ្រាប់បែក Su-24M ព្រមទាំងប្រព័ន្ធមីស៊ីល S-400 និងប្រព័ន្ធមីស៊ីល Pantsir ដែលបាញ់មីស៊ីលពីដីទៅអាកាសក្នុងការសាកល្បងការត្រៀមខ្លួនរបស់ប្រព័ន្ធទាំងនេះ។
រដ្ឋាភិបាលក្រុងមូស្គូចាត់ទុកតំបន់គ្រីមេជាផ្នែកមួយនៃប្រទេសរុស្ស៊ីប៉ុន្តែឧបទ្វីបនេះត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសអ៊ុយក្រែនដែលចង់បានវាមកវិញ។មជ្ឈមណ្ឌលគ្រប់គ្រងរបស់ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា “កងនាវាចរណ៍សមុទ្រខ្មៅកំពុងធ្វើសកម្មភាពមួយចំនួនដើម្បីតាមដានសកម្មភាពរបស់នាវាពីណាតូនិងប្រទេសដទៃទៀតដែលចូលរួមក្នុងសមយុទ្ធខ្យល់សមុទ្រ ២០២១”។
មូស្គូបានអំពាវនាវឱ្យលុបចោលសមយុទ្ធខ្យល់សមុទ្រនេះមុនពេលពួកគេចាប់ផ្តើម ហើយក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួននឹងមានប្រតិកម្ម ប្រសិនបើចាំបាច់ដើម្បីការពារសន្តិសុខជាតិ។
សមយុទ្ធខ្យល់សមុទ្រ ២០២១ នឹងមានរយៈពេល ២ សប្តាហ៍ ហើយមានការចូលរួមពីបុគ្គលិកយោធាប្រមាណ ៥.០០០ នាក់មកពីអង្គការណាតូនិងសម្ព័ន្ធមិត្តដទៃទៀតព្រមទាំងមាននាវាប្រហែល ៣០ គ្រឿងនិងយន្តហោះ ៤០ គ្រឿង។ នាវាពិឃាដរបស់អាម៉េរិក USS Ross និងកងម៉ារីនអាម៉េរិកក៏នឹងចូលរួមផងដែរ។កាលពីសប្តាហ៍មុន រុស្ស៊ីបានព្រមានអង់គ្លេសនិងសហរដ្ឋអាម៉េរិកកុំឱ្យ “សាកល្បងនឹងវាសនា” ដោយបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រខ្មៅហើយនិយាយថាខ្លួននឹងការពារព្រំដែនរបស់ខ្លួនដោយប្រើគ្រប់មធ្យោបាយដែលអាចធ្វើបានរួមទាំងកម្លាំងយោធា៕