ខេត្តកំពង់ចាម ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ៥០នាក់ទៀត និងជាសះស្បើយ ៣៣នាក់

រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥០នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៣៣នាក់ផងដែរ ក្នុងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមលិខិតដែលទទួលនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។

មូលដ្ឋានដែលរកឃើញអ្នកឆ្លងកូវីដនោះ រួមមាន៖ ក្រុងកំពង់ចាម ២នាក់, ស្រុកព្រៃឈរ ១៧នាក់, ស្រុកចំការលើ ១១នាក់, ស្រុកកងមាស ៦នាក់, ស្រុកជើងព្រៃ ៦នាក់, ស្រុកស្រីសន្ធរ ១នាក់, ស្រុកបាធាយ ៥នាក់ ព្រមទាំងមកពីខេត្តត្បូងឃ្មុំ ១នាក់ និងមកពីខេត្តកណ្ដាល ១នាក់។

រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដទាំង ៥០នាក់ខាងលើ ត្រូវរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលត្រូវធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត៕