សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា CPP នឹងបន្តពុះពារធ្វើគ្រប់យ៉ាងដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយ

ជាការថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានគាំទ្រគណបក្សប្រជាជនជាច្រើនអាណត្តិកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានប្តេជ្ញាបន្តពុះពារធ្វើគ្រប់យ៉ាងដើម្បីការពារឯករាជ្យ អធិបតេយ្យ សន្តិភាព និងលើកស្ទួយជីវភាពប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើង។

ការប្តេជ្ញាចិត្តរបស់មេដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងតាមរយៈសារលិខិតមួយ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីអបអរសាទរដល់ខួបលើកទី៧០ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១)។

តាមរយៈសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ការបោះឆ្នោតកន្លងមក តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលជាសាក្ខីភាពបញ្ជាក់ច្បាស់ថា ប្រជាជនមានជំនឿទុកចិត្តយ៉ាងមុតមាំលើគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសតាមមាគ៌ាមួយដ៏ត្រឹមត្រូវដែលនាំ មកសន្តិភាព ស្ថិរភាព ការរីកចម្រើន និងសុភមង្គលរបស់ប្រជាជន។

ក្នុងនាមគណៈកម្មាធិការកណ្តាលនៃ គណបក្សប្រជាជនកម្ពុជា សម្តេចបានសម្តែងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនជនរួមជាតិនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានឃើញច្បាស់សច្ចធម៌នៃការដឹកនាំរបស់គណបក្ស ហើយផ្តល់យុត្តិធម៌ និងការគាំទ្រឥតរង្គោះរង្គើរដល់គណបក្សនៅគ្រប់កាលៈទេសៈធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបម្រើជាតិ និងប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ គណបក្សនឹងបន្តពុះពារធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារឯករាជ្យ និងអធិបតេយ្យជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ពង្រឹងលទ្ធិប្រជាធិបតេយ្យឱ្យចាក់ឫសយ៉ាងរឹងមាំ លើកកម្ពស់សុខដុមនីយកម្មសង្គម និងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនឱ្យបានកាន់តែសម្បូរសប្បាយឡើង»។

សម្តេចបានបញ្ជាក់ទៀតថា ទោះបីនៅពេលនេះពុំមានការជួបជុំធំដើម្បីរំឭកខួបលើក ទី៧០ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ដោយសារតែប្រទេសកំពុងប្រឈមនឹងការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ក្តី ក៏ស្មារតីចងចាំ គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់បុព្វការីជន យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ នៅតែស្ថិតក្នុងដួង ចិត្តរបស់យើងជានិច្ច។ យើងជាខ្មែរទាំងអស់គ្នាប្តេជ្ញាប្រែក្លាយស្មារតីនេះឱ្យទៅជាសកម្មភាពដ៏ខ្លាំងក្លាស្រុះដៃ គ្នាដោយឆន្ទៈតែមួយ ដើម្បីបន្តកសាង និងការពារមាតុភូមិយើង ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់៕