លោក ចូ បៃដិន ជួបមេដឹកនាំអាហ្វហ្គានីស្ថាន ខណៈសហរដ្ឋអាមេរិកកំពុងដកទ័ពចេញ

យោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ ២០២១បានបញ្ជាក់អោយដឹងថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានជួបជាមួយប្រធានា ធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani និងប្រធានឧត្តមក្រុមប្រឹក្សាសម្រាប់ ការផ្សះផ្សាជាតិ អាហ្វហ្គានីស្ថាន លោក Abdullah Abdullah ហើយ នៅឯសេតវិមាននៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។

ដំណើរទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិករបស់លោក Ghani និងលោក Abdullah Abdullah កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោនកំពុងដកកងទ័ពចេញពី ប្រទេសអាហ្វហ្គានីស្ថាន ឱ្យបាន មុនថ្ងៃទី១១ ខែកញ្ញាខាងមុខនេះ។ ថ្លែងនៅពេលចាប់ផ្ដើមកិច្ចប្រជុំ លោកប្រធានាធិបតីអាមេរិក ចូ បៃដិនបាននិយាយថា ទោះបីជាកងទ័ពអាមេរិកត្រូវដកចេញក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកនឹងនៅ តែបន្តគាំទ្រអាហ្វហ្គានីស្ថាន ទាំងសេដ្ឋកិច្ច នយោបាយ និងយោធា។

ជាការឆ្លើយតប លោក Ghani ក៏បានលើកឡើងដែរថាទំនាក់ទំនងមិត្តភាពរវាងអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិកបានឈានចូលការបើកទំព័រថ្មីមួយ ខណៈ កងកម្លាំងសន្តិសុខនៃរដ្ឋាភិបាល របស់លោកបានវាយយកស្រុកចំនួន៦ ពីក្រុមតាលីបង់មកវិញកាលពីថ្ងៃសុក្រ។

សូមបញ្ជាក់ថា បើតាមសេតវិមាន សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយវេជ្ជសាស្ត្របន្ទាន់ និងវ៉ាក់សាំង COVID-19 ចំនួន ៣លានដូសដល់អាហ្វហ្គានីស្ថាន តាមរយៈ កម្មវិធី COVAX របស់អង្គការសុខ ភាពពិភពលោក។ បន្ថែមពីលើនេះ លោក បៃដិនក៏បានស្នើសុំកញ្ចប់ថវិកា ៣.៣ពាន់លានដុល្លារផង ដែរជាជំនួយផ្នែកសន្តិសុខសម្រាប់គាំទ្រដល់យោធាអាហ្វហ្គានីស្ថាននៅឆ្នាំ២០២២៕