ក្រសួងការបរទេសអាម៉េរិក បានយល់ព្រមលើលទ្ធភាពលក់យន្តហោះចម្បាំង F-16 និងមីស៊ីលដល់ប្រទេសហ្វីលីពីន

មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៤ មិថុនាថា ក្រសួងការបរទេសអាម៉េរិកបានយល់ព្រមលើលទ្ធភាពលក់យន្តហោះចម្បាំង F-16 ក៏ដូចជាមីស៊ីល Sidewinder និង Harpoon ឱ្យទៅហ្វីលីពីនក្នុងកិច្ចព្រមព្រៀងចំនួន ៣ ដាច់ដោយឡែកពីគ្នាដែលមានតម្លៃសរុបជាង ២,៥ ពាន់លានដុល្លារ។

ប្រទេសហ្វីលីពីនកំពុងស្វែងរកយន្តហោះចម្បាំងពហុមុខងារថ្មីមួយ ហើយកំពុងវាយតម្លៃយន្តហោះ F-16 និងលើយន្តហោះ SAAB Abs Gripen និងយន្តហោះដទៃទៀត។រដ្ឋាភិបាលហ្វីលីពីនបានស្នើសុំទិញយន្តហោះ F-16C Block 70/72 ចំនួន ១០ គ្រឿងនិងយន្តហោះ F-16D Block 70/72 ចំនួន ២ គ្រឿងដែលផលិតដោយក្រុមហ៊ុន Lockheed Martin ។

មន្ទីរបញ្ចកោណបាននិយាយថា ការនាំចេញកញ្ចប់អាវុធទាំងនោះដែលរួមមានទាំងគ្រឿងបន្លាស់និងការបណ្តុះបណ្តាល មានតម្លៃរហូតដល់ទៅ ២,៤៣ ពាន់លាន។

ទោះបីមានការយល់ព្រមពីក្រសួងការបរទេសក៏ដោយ ក៏ប៉ុន្តែការជូនដំណឹងនេះមិនបានបង្ហាញថា កិច្ចសន្យាត្រូវបានចុះហត្ថលេខាឬការចរចាបានចប់ជាស្ថាពរនោះទេ។ជារឿយៗក្នុងអំឡុងពេលប្រកួតប្រជែង ក្រសួងការបរទេសនឹងអនុម័តការនាំចេញអាវុធសិន មុនពេលអ្នកឈ្នះត្រូវបានប្រកាសឈ្មោះ៕