មនុស្សយ៉ាងហោចណាស់១៨នាក់បានស្លាប់និង១៦នាក់រងរបួស នៅពេលអគ្គិភ័យមួយបានឆាបឆេះក្នុងសាលាក្បាច់គុណមួយនៅក្នុងខេត្តហឺណាន របស់ចិនភាគកណ្តាលកាលពីដើមថ្ងៃសុក្រ។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះភាគច្រើនជាសិស្សអាហារូបករណ៍អាយុពី៧ទៅ១៦ឆ្នាំ។អគ្គិភ័យត្រូវបានពន្លត់ហើយអាជ្ញាធរធ្វើការស៊ើបអង្កេតរកមូលហេតុបង្ក។សារព័ត៌មានBeijing Toutiao Newsបានស្រង់សម្តីមន្ត្រីមូលដ្ឋានដែលបាននិយាយថា មានសិស្ស៣៤នាក់នៅក្នុងសាលានេះនៅពេលភ្លើងឆេះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលខេត្តបាននិយាយថា នាយកសាលាកើតហេតុត្រូវបានប៉ូលិសឃាត់ខ្លួន ។
ហឺណានជាទីកន្លែងកំណើតនៃសិល្បៈក្បាច់គុណចិន និងក៏ជាជម្រកសាលាក្បាច់គុណកុងហ្វ៊ូ(kung fu)ជាច្រើនផងដែរ។សាលាធំជាងគេគឺ សាលាក្បាច់គុណស៊ាវលីញ( Shaolin Martial Arts School)ដីល្បីល្បាញ ដោយសារមានគ្រូបង្ហាត់រាប់រយនាក់និងសិស្សរាប់ម៉ឺននាក់នៅទីនោះ៕