វៀតណាមបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៧៩នាក់ទៀតនៅព្រឹកថ្ងៃសុក្រនេះ ដោយធ្វើអោយចំនួនអ្នកឆ្លងសរុបនៅរលកថ្មីនេះកើនដល់១១.០១៤នាក់។ក្នុងចំណោមអ្នកឆ្លងនៅព្រឹកនេះ ៥៧នាក់នៅទីក្រុងហូជីមិញភាគខាងត្បូង និងសល់ពីនេះត្រូវបានរកឃើញនៅខេត្តភាគខាងជើង កណ្តាលនិងខាងត្បូងចំនួន៧ រួមទាំងទីក្រុងហៃហ្វុង។
អ្នកឆ្លងភាគច្រើននៅក្រុងហូជីមិញ និងមានជាប់ពាក់ព័ន្ធនឹងការឆ្លងជាចង្កោមនៅប៉ុន្មានថ្ងៃមកនេះ រួមមាន១៩ករណីពាក់ព័ន្ធនឹងផ្សារបោះដុំប៊ិញឌៀន ១៤ករណីពាក់ព័ន្ធនឹងហាងលក់សម្លៀកបំពាក់មួយ និង៦ករណីជាប់ពាក់ព័ន្ធនឹងផ្សារ សឺនគី។
កាលពីយប់មិញនេះ វៀតណាមក៏បានរកឃើញអ្នកឆ្លងថែមចំនួន១១៦នាក់ ក្នុងនេះ៦១នាក់នៅក្រុងហូជីមិញ។ចំនួននេះ ធ្វើអោយការឆ្លងពេញមួយថ្ងៃព្រហស្បតិ៍មានចំនួន២៧៩នាក់៕