ស្លាប់៦៤នាក់ក្នុងការវាយប្រហារតាមអាកាសនៅអេត្យូពី ខណៈយោធាបដិសេធថាមិនបានវាយលើជនស៊ីវិល

មន្ត្រីសុខាភិបាលក្នុងតំបន់ម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៤មិថុនាថា យ៉ាងហោចណាស់មនុស្ស ៦៤ នាក់ត្រូវបានសម្លាប់និង ១៨០នាក់បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសទៅលើផ្សារមួយនៅក្នុងតំបន់ទីហ្គ្រេភាគខាងជើងប្រទេសអេត្យូពី ខណៈយោធាបដិសេធវាយប្រហារលើជនស៊ីវិល។

ព័ត៌មានលម្អិតនៃការវាយប្រហារដ៏បង្ហូរឈាមលើទីប្រជុំជនតូហ្គោហ្គាស្ថិតនៅចម្ងាយ ៣០គីឡូម៉ែត្រពីភាគពាយព្យនៃរដ្ឋធានីមេកេឡេកាលពីថ្ងៃអង្គារមានភាពយឺតយ៉ាវក្នុងការចេញ ផ្សាយមួយផ្នែកដោយសារតែទាហានដំបូងឡើយបានរារាំងបុគ្គលិកសង្គ្រោះបន្ទាន់មិនឱ្យចូលតំបន់នោះ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ មន្ទីរពេទ្យនៅទីក្រុងមេកេឡេកំពុងព្យាបាលមនុស្សយ៉ាងតិច ៧៣ នាក់រួមទាំងកុមារតូចៗផង។ជនរងគ្រោះនៅមន្ទីរពេទ្យទទួលរងរបួសមុតអំបែកគ្រាប់និងរលាក ហើយក្នុងករណីខ្លះ គ្រូពេទ្យត្រូវបង្ខំចិត្តកាត់អវៈយវៈដើម្បីសង្គ្រោះជីវិត។យោធាអេត្យូពីសារភាពថាបានអនុវត្តការវាយប្រហារនេះ ប៉ុន្តែនិយាយថាខ្លួនផ្តោតគោលដៅទៅលើអ្នកប្រយុទ្ធបះបោរ មិនមែនជនស៊ីវិលទេ។អ្នកនៅរស់បាននិយាយអំពីការបំផ្លាញដ៏សម្បើម ខណៈការបាញ់ពីអាកាសបានហែកផ្សារដ៏មមាញឹកជាចម្រៀកៗ ដោយសម្លាប់និងបង្ករបួសដល់មនុស្សរាប់សិបនាក់ និងរំលំផ្ទះជុំវិញនោះរាបដល់ដី។

ប៉ុន្តែអ្នកនាំពាក្យយោធាអេត្យូពីនិយាយថា អ្នកប្រយុទ្ធបះបោរ ដែលស្លៀកពាក់ស៊ីវិលនិងប្រមូលផ្តុំនៅទីប្រជុំជនតូហ្គោហ្គាដើម្បីអបអរ “ទិវាទុក្ករបុគ្គល” ត្រូវបានវាយប្រហារ។វរសេនីយ៍ទោ ហ្គេតណេត អាដេន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “យើងមិនទទួលយកបានឡើយថាប្រតិបត្តិការនេះដាក់គោលដៅលើជនស៊ីវិល”។ដោយសំដៅលើអតីតក្រុមដឹកនាំក្នុងតំបន់ អ្នកនាំពាក្យនិយាយថា “វាច្បាស់ណាស់ថា ទាំងកូនចៅរបស់ TPLF និង កងជីវពលរបស់ខ្លួនស្លៀកពាក់ស៊ីវិល”៕