ខណៈទាហានអាម៉េរិកចាកចេញ ការអំពាវនាវបានកើនឡើង ដើម្បីនាំប្រជាជនអាហ្វហ្គានីស្ថានទៅរស់នៅកោះក្វាម

នៅក្នុងភាពច្របូកច្របល់ប៉ុន្មានម៉ោងចុងក្រោយនៃសង្គ្រាមវៀតណាមសហរដ្ឋអាម៉េរិកបានជម្លៀសជនជាតិវៀតណាមខាងត្បូងរាប់ពាន់នាក់ដែលបានគាំទ្របេសកកម្មអាម៉េរិកនិងកំពុងស្ថិតក្នុងគ្រោះថ្នាក់ក្រោមរដ្ឋាភិបាលកុម្មុយនីស្ត។

ខណៈកងកម្លាំងអាម៉េរិកនិងណាតូប្រឈមនឹងថ្ងៃផុតកំណត់ទី ១១ ខែកញ្ញាដើម្បីចាកចេញពីអាហ្វហ្គានីស្ថាន មនុស្សជាច្រើនកំពុងរំលឹកឡើងវិញអំពីការចាកចេញយ៉ាងអស់សង្ឃឹមនៅវៀតណាមនៅពេលពួកគេទទូចដល់រដ្ឋបាលបៃដិនឱ្យជម្លៀសប្រជាជនអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលធ្វើការជាអ្នកបកប្រែឬជួយដល់ប្រតិបត្តិការយោធាអាម៉េរិកនៅទីនោះក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។

ទោះបីជាមានការគាំទ្រពីបក្សទាំងទ្វេខុសពីធម្មតានៅក្នុងសភាក៏ដោយ ក៏រដ្ឋបាលបៃដិនមិនបានយល់ព្រមចំពោះការជម្លៀសប្រជាជនអាហ្វហ្គានីស្ថានទេដោយបដិសេធគាំទ្រចំណាត់ការនេះដែលគេអះអាងថាអាចធ្វើឱ្យអន្តរាយដល់សន្តិសុខនៅក្នុងប្រទេស ខណៈអាម៉េរិកដកខ្លួនពីសង្គ្រាមដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារថ្ងៃ១១កញ្ញា។

សមាជិកសភាបក្សសាធារណរដ្ឋតំណាងឱ្យរដ្ឋមីស៊ីហ្គែន លោក ភីតធឺ មីយើ បាននិយាយក្នុងអំឡុងសវនាការសភាកាលពីសប្តាហ៍មុនថា”យើងមានកាតព្វកិច្ចខាងសីលធម៌ដើម្បីការពារសម្ពន្ធមិត្តដ៏ក្លាហានរបស់យើងដែលបានដាក់ជីវិតរបស់ពួកគេសម្រាប់ពួកយើងហើយយើងបានធ្វើការអស់រយៈពេលជាច្រើនខែដើម្បីចូលរួមជាមួយរដ្ឋបាលនិងធ្វើឱ្យប្រាកដថាសម្រេចផែនការនោះឱ្យបានជាមួយលទ្ធផលរឹងមាំមួយចំនួន”។

ក្រុមសមាជិកសភាបានជំរុញឱ្យរដ្ឋបាលបៃដិនពិចារណាផ្លាស់ទីលំនៅជាបណ្តោះអាសន្នចំពោះជនជាតិអាហ្វហ្គានីស្ថានដែលបានធ្វើការឱ្យកងកម្លាំងអាម៉េរិកឬណាតូទៅកាន់ទីតាំងដែលមានសុវត្ថិភាពនៅឯបរទេស ខណៈទិដ្ឋាការសហរដ្ឋអាម៉េរិករបស់ពួកគេកំពុងត្រូវបានដំណើរការ។

អ្នកខ្លះបានលើកឡើងអំពីកោះក្វាម ជាទឹកដីអាម៉េរិកដែលបម្រើគោលបំណងស្រដៀងគ្នាបន្ទាប់ពីសង្គ្រាមវៀតណាម។ជនភៀសខ្លួនឃឺដក៏ត្រូវបានជម្លៀសទៅកាន់កោះប៉ាស៊ីហ្វិកមួយនេះក្នុងឆ្នាំ ១៩៩៦ ដែរបន្ទាប់ពីសង្គ្រាមឈូងសមុទ្រពែក្ស។

អភិបាលកោះក្វាមថ្មីៗនេះបានសរសេរទៅកាន់ប្រធានាធិបតីចូ បៃដិនដើម្បីនិយាយថាដែនដីមួយនេះបានត្រៀមខ្លួនរួចរាល់ដើម្បីជួយ ប្រសិនបើចាំបាច់៕