លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

នាវេលាម៉ោង ៨យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល១ថ្ងៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។

ការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសនៅកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះ រាជាណាចក្រកម្ពុជា។

ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានកិច្ចប្រជុំទ្វេភាគីដែលផ្តោត ការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម។

ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញ លោក ដូមីនិក រ៉ាអាប់ នឹងមានជំនួបជាមួយ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ហើយក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា ផងដែរ។

ទស្សនកិច្ចផ្លូវការរបស់ លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែម ទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនិងជាការបោះជំហានទៅមុខនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕