អាមេរិកតេស្តសមត្ថភាព នាវាដឹកយន្តហោះចម្បាំងថ្មី ដោយការបំផ្ទុះគ្រាប់បែកទម្ងន់ជាង ១៨តោនក្នុងសមុទ្រ

តាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១គឺ កងនាវាសហរដ្ឋអាមេរិកបានបំផ្ទុះគ្រាប់បែកមួយគ្រាប់ ដែលមានទម្ងន់ជាង ១៨,១៤៤គីឡូក្រាម នៅក្បែរនាវាដឹកយន្ដហោះចម្បាំងថ្មីមួយរបស់ខ្លួន ដើម្បីតាមដានមើលថា តើនាវានេះមានសមត្ថភាពប្រយុទ្ធតស៊ូ គ្រប់ស្ថានភាពនៅក្នុងសមរភូមិដែរឬក៏យ៉ាងណា។

ការធ្វើតេស្ដបំផ្ទុះគ្រាប់បែកខាងលើនេះ ធ្វើឡើងនៅក្រោមបាតសមុទ្រ ក្បែរនាវាផ្ទុកយន្ដហោះ ចម្បាំង USS ជែរ៉លដ៍ ហ្វដ (USS Gerald R. Ford) នៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិច ដែល សិ្ថតនៅចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រពីឆ្នេរនៃរដ្ឋផ្ល័ររីដាកាលពីចុងសប្ដាហ៍មុន។

កងនាវាអាមេរិកបានឱ្យដឹងទៀតថា ការធ្វើតេស្ដនេះត្រូវបានធ្វើឡើង ដើម្បីតាមដានមើលថាតើ USS Gerald R. Ford ដែលចំណាយប្រាក់សាងសង់អស់ជាង ១៣ពាន់លានដុល្លារនោះ អាចទ្រាំ ទ្រនឹងលក្ខខណ្ឌប្រយុទ្ធ និងត្រៀមខ្លួនរួចរាល់សម្រាប់សង្រ្គាមដែរឬទេ។ ការធ្វើតេស្ដនេះក៏ត្រូវបានទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS រាយការណ៍ថា បានបង្ក ឱ្យមានគ្រោះរញ្ជួយដីកម្រិត ៣.៩រិចទ័រផងដែរ៕