ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ការបញ្ចប់ គម្រោងព្រៃឡង់បៃតង ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋមេរិក នៅតំបន់ដែន ជម្រកសត្វព្រៃព្រៃឡង់ បានបង្ហាញថា ក្រសួងបរិស្ថាន ក្នុងនាមសេនាធិការនៃរាជរដ្ឋាភិបាល និង មន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវនិងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនលើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក នៅកម្ពុជានៅថ្ងៃទី១៧ ខែមិថុនានេះ បញ្ជាក់ថា«ជំនួយ របស់សហរដ្ឋអាមេរិកនឹងត្រូវបង្វែរ ទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍ មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន។
ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាបរិស្ថាន និងបម្រែ បម្រួល អាកាសធាតុ ដែលជាកង្វល់រួមតាមរយៈកិច្ចសហការជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ ទន្លេមេគង្គ»។
ឆ្លើយតបនឹងបញ្ហាបញ្ចប់ជំនួយនេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការបញ្ចប់ គម្រោងព្រៃឡង់បៃតង ដែលជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋមេរិក នៅតំបន់ដែន ជម្រកសត្វព្រៃព្រៃឡង់នៅពេលនេះ បានបង្ហាញថា ក្រសួងបរិស្ថានក្នុងនាមសេនាធិការ នៃរាជរដ្ឋា ភិបាល និងមន្ត្រីរបស់ខ្លួនមានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ក្នុងភាពជាម្ចាស់ក្នុងការ បំពេញតួនាទី និងភារកិច្ចរបស់ខ្លួនលើការការពារ និងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូល ដ្ឋានច្បាប់ជាធរមាន»។
អ្នកនាំពាក្យខាងលើនេះ បានលើកឡើងថា៖ «ការបញ្ចប់គម្រោងព្រៃឡង់បៃតង ដែលជាកិច្ចសហ ប្រតិបត្តិ ការរវាងកម្ពុជា និងសហរដ្ឋមេរិកនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅពេលនេះ មិនមាន អ្វីធ្វើឱ្យ ប៉ះពាល់ដល់ទំនាក់ទំនងរវាងក្រសួងបរិស្ថាន និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍអន្តរជាតិ USAID ឬស្ថានទូតអាមេរិកប្រចាំកម្ពុជានោះទេ។
ភាគីទាំងពីរនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាលើផ្នែកមួយចំនួនដែលមាន។ នៅក្នុងកិច្ចពិភាក្សាគ្នាកាលពីថ្ងៃទី១៥ ខែមិថុនា ភាគីទាំងពីរបានពិភាក្សាគ្នាក្នុងនាមជាដៃគូស្មើភាព និងស្មើសិទ្ធិ និងបានឯកភាពគ្នាបង្វែរជំនួយនេះទៅលើកិច្ចសហប្រតិបត្តិការផ្សេងទៀត ដែលបន្ត បម្រើឱ្យឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា។
ឯកឧត្តម បានបន្តទៀតថា ក្រសួងបរិស្ថានសូមគូសបញ្ជាក់ថាបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយ ធំ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀតលែងកើតមាន ទៀតហើយ តែនៅមានបទល្មើសទ្រុងទ្រាយតូចៗកើតឡើង។ នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួចដែលក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាន នឹងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ។
ជាមួយគ្នានេះដែរ ឯកឧត្តម បានបន្តថា ក្រសួងបរិស្ថាននឹងបន្តបេសកកម្មរបស់ខ្លួនប្រកប ដោយការ ទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការជាសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ក្រសួងបរិស្ថានស្វាគមន៍ជានិច្ចក្នុងនាមជាដៃគូ និងអ្នកចូលរួមការពារធនធានធម្មជាតិដែលមានភាពស្មោះត្រង់ គោរពច្បាប់ជាធរមាន មិនមែន ជាសកម្មភាពជ្រកក្រោមស្លាកស្រឡាញ់បរិស្ថាន ធនធានធម្មជាតិទៀត ដែលបម្រើរបៀបវារៈ នយោបាយឡើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោមសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់ គ្រាន់ ក្នុងការគិតគូររៀបចំការអភិរក្សធនធានធម្មជាតិរបស់ខ្លួន។
ដោយសារតែការការពារ និងអភិ រក្សមានភាពល្អប្រសើរកម្ពុជាបានទទួលជោគជ័យលើការលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិស្ថានភាពជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន៕