លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ចូលរួមក្នុងកិច្ចសន្ទនានយោបាយ នាឱកាសនៃពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០០ឆ្នាំ នៃបក្សកុម្មុយនីស្តចិន

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ត្រូវបានអញ្ជើញចូលរួមជាភ្ញៀវឥស្សរជនជាន់ខ្ពស់ តំណាងឱ្យគណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសន្ទនានយោបាយពិសេស តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ក្រោមចំណងជើងថា «រឿងរ៉ាវរបស់គណបក្សកុម្មុយនិស្សចិន៖ សមិទ្ធផលរបស់ក្រុងសៀងហៃក្នុងការអនុវត្តគំនិត ស៊ី ជីនភីង ស្តីពីសង្គមនិយមមានលក្ខណៈពិសេសចិនសម្រាប់យុគ្គសម័យថ្មី» ដោយផ្តោតលើប្រធានបទ «ធ្វើឱ្យសុបិន្តក្លាយជាការពិត ចែករំលែកភាពអស្ចារ្យ» ដែលប្រព្រឹត្តធ្វើឡើងនៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ។

ការចូលរួមនាពេលនេះធ្វើឡើងតបតាមការអញ្ជើញរបស់ក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងគណៈកម្មាធិការបក្សកុម្មុយនិស្តចិនក្រុងសៀងហៃ ដើម្បីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១០០ឆ្នាំនៃកំណើតគណបក្សកុម្មុយនីស្តចិន និងក្នុងគោលបំណងលើកកម្ពស់ការចែករំលែកនូវបទពិសោធន៍អភិបាលកិច្ច និងសម្រួលដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងបណ្តាគណបក្សនយោបាយ។

ក្នុងកិច្ចសន្ទនានេះផងដែរក៏មានការអញ្ជើញចូលរួមពីមេដឹកនាំគណបក្សនយោបាយចំនួន ៧៥ព្រមទាំងស្ថាប័ន និងអង្គការផ្សេងៗ ចំនួន ៥៤ មកពីជិត ១០០ប្រទេស ក្នុងនោះមានដូចជា លោក Ivica DACIC ប្រធានគណបក្សសង្គមនិយមស៊ែប៊ី និងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋស៊ែប៊ី លោក Maite MOLA អនុប្រធានទី ១ នៃគណបក្សឆ្វេងនិយមអ៊ឺរ៉ុប និងឥស្សរជនជាន់ខ្ពស់ជាច្រើនទៀត។

ក្រៅពីមេដឹកនាំគណបក្សនយោបាយមកពីគ្រប់ទ្វីប ក៏មានវាគ្មិនសំខាន់ៗបានឡើងមកធ្វើបទបង្ហាញដ៏គួរឲ្យចាប់អារម្មណ៍អំពីរឿងរ៉ាវនៃការអភិវឌ្ឍទីក្រុងសៀងហៃ ប្រកបដោយនវានុវត្ត ដោយបានធ្វើកំណែទម្រង់ស៊ីជម្រៅ តាមមាគ៌ាដឹកនាំរបស់ ប្រធានាធិបតី ស៊ី ជីនភីង។

ក្នុងសុន្ទរកថាគន្លឹះថ្លែងទៅកាន់ថ្នាក់ដឹកនាំ វាគ្មិន អ្នកចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Huawei Cloud Meeting ជាច្រើនពាន់នាក់មកពីគ្រប់ទិសទី លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងអបអរសាទរ ចំពោះគណបក្សកុម្មុយនីស្តចិន រដ្ឋ និងប្រជាជនចិន នៅក្នុងឱកាសដ៏ប្រពៃ និងជាប្រវត្តិសាស្រ្តនេះចាប់តាំងពីកំណើតរបស់គណបក្សកុម្មុយនីស្តចិននាឆ្នាំ១៩២១ និងការសម្រេចបាននូវក្តីសុបិនចិន ដែលគំរូនៃការអភិវឌ្ឍន៍ទីក្រុងសៀងហៃក្លាយទៅជាទីក្រុងទំនើប ស្រស់ស្អាត និងមានសេវាគ្រប់ជ្រុងជ្រោយ បម្រើឱ្យសុខុមាលភាពរបស់ប្រជាជន ដែលនេះជាសក្ខីភាពមួយនៃការធ្វើកំណែទម្រង់ ការបើកចំហសេដ្ឋកិច្ច និងការធ្វើទំនើបកម្ម ស្របតាមទស្សនៈសង្គមនិយមមានលក្ខណៈពិសេសចិន។

កំឡុងពេលនៃកិច្ចសន្ទនា លោកជំទាវបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី ក្នុងតំបន់កាន់តែស៊ីជម្រៅ ដើម្បីចាប់យកការរួមបញ្ចូលគ្នា និងឱកាសដ៏ធំធេងដែលកើតឡើងពីទំនាក់ទំនង «មិត្តភាពដែកថែប» ។

ជាមួយគ្នានេះផងដែរ លោកជំទាវ បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាតួអង្គដ៏សំខាន់ ដែលបានបេ្តជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យស៊ីជម្រៅ និងបន្តជំរុញបន្ថែមនូវចំណងមិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដូចមានស្តែងចេញតាមរយៈការចុះហត្ថលេខា លើភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឆ្នាំ២០១០ ផែនការសកម្មភាពដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន ឆ្នាំ២០១៩ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ខែតុលា ឆ្នាំ២០២០៕