ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ សាលាខេត្តព្រះសីហនុបើកកិច្ចប្រជុំពិភាក្សា រៀបចំក្រុមការងារគ្រូពេទ្យ ចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្ត្រា នាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាន ដោយមានការចូលរួមពីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម កងពលតូចង៧០ អភិបាលក្រុង ស្រុក និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាថ្លែងអំណរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋខេត្តព្រះសីហនុ។ក្នងនោះថ្នាក់ដឹកនាំ កងកម្លាំងពេទ្យយោធាត្រូវបានចាត់បញ្ជូនចូលរួមជាមួយបុគ្គលិកពេទ្យខេត្តព្រះសីហនុ ក្នុងបេសកកម្មចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា មានតែការចាក់វ៉ាក់សាំងទេ ដែលអាចជួយកាត់បន្ថយការចម្លងជំងឺកូវីដ១៩បាន។ពលរដ្ឋដែលគ្រប់អាយុអាចចាក់វ៉ាក់សាំងកំពុងរស់នៅនិងធ្វើការងារនៅខេត្តព្រះសីហនុ រួមទាំងជនបរទេសផងនឹងទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ពីរដ្ឋាភិបាលកម្ពុជា។ស្ថិតិរបស់ស្នងការនគរបាលនិងមន្ទីរផែនការអោយដឹងថា នៅខេត្តព្រះសីហនុ ប្រជាជនដែលមានអាយុ១៨ឆ្នាំឡើង មានជាង២០ម៉ឺននាក់ មួយចំនួនបានចាក់វ៉ាក់សាំងរួចហើយ តែបច្ចុប្បន្ននៅសល់ប្រមាណ ១៩ម៉ឺននាក់ទៀតប៉ុណ្ណោះដែលនឹងទទួលបានក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ដើម្បីចៀសវាងការប្រមូលផ្តុំគ្នាការមកចាក់វ៉ាក់សាំងនេះរដ្ឋបាលខេត្តព្រះសីហនុ បានកំណត់គោលដៅចំនួន ១៩ ទីតាំងផ្សេងគ្នា សម្រាប់រៀបចំជាកន្លែងចាក់វ៉ាក់សាំងជូនពលរដ្ឋនៅទូទាំងខេត្ត។
នៅក្រុងព្រះសីហនុ ៥ទីតាំង ស្រុកព្រៃនប់ ៥ទីតាំង កំពង់សីលា ៤ទីតាំង ក្រុងកោះរ៉ុង ២ទីតាំង និងស្រុកស្ទឹងហាវ ១ទីតាំង និងមាននៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងតំបន់សេដ្ឋកិច្ចចឺជាង ក្នុងស្រុកព្រៃនប់ផងដែរ។យុទ្ធនាការនេះ មានសមាសភាពបុគ្គលិកពេទ្យចម្រុះមកពីមន្ទីរសុខាភិបាលខេត្ត កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម កងពលតូចលេខ៧០៕ ដោយមនោរាហ៍