យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១បានបញ្ជាក់អោយដឹងថា រដ្ឋាភិបាលកោះ តៃវ៉ាន់បានបញ្ជាក់ថា យន្តហោះកងទ័ពអាកាស ចិនចំនួន ២៨គ្រឿង ក្នុងនោះរួមមាន ទាំងយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកនុយ ក្លេអ៊ែរបានចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ (ADIZ) នៅថ្ងៃអង្គារ ទី១៥ ខែមិថុនានេះ ដែលជាសកម្មភាព យោធាធំបំផុតរហូតមកទល់ពេលនេះ។
ដំណឹងនេះកើតឡើងបន្ទាប់ពីមេដឹកនាំបណ្តាក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃអាទិត្យដោយបានស្តីបន្ទោសប្រទេសចិនចំពោះបញ្ហាជាបន្តបន្ទាប់ និងបានគូសបញ្ជាក់ ពីសារៈសំខាន់ នៃសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ខណៈដែលប្រទេសចិនបាន ចាត់ទុកសេចក្តីថ្លែងការណ៍រួមនេះជាការបង្ខូចកេរ្តិ៍ឈ្មោះខ្លួន។
ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយថា បេសកកម្មរបស់ចិនលើកនេះ រួមមានទាំងយន្តហោះ ប្រយុទ្ធប្រភេទ J-16 ចំនួន១៤គ្រឿង, យន្តហោះប្រយុទ្ធប្រភេទ J-11 ចំនួន ៦គ្រឿនិងយន្តហោះ ទម្លាក់គ្រាប់បែក H-6 ដែលអាចផ្ទុកអាវុធនុយក្លេអ៊ែរចំនួន ៤គ្រឿង ព្រមទាំងប្រភេទយន្តហោះ ចម្បាំងចំនួន ៤ប្រភេទទៀត៕