តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ ឱ្យដឹងនៅ ព្រឹកថ្ងៃទី១៦ ខែមិថុនានេះយ៉ាងហោចណាស់មានជនសង្ស័យ៣០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុង ចំណោម ជនសង្ស័យទាំង៣០នាក់នោះ មាន ១៥នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើស ព្រហ្ម ទណ្ឌ១២ ករណី និងជនសង្ស័យ១៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀន០៨ករណី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋាន របស់ខ្លួន ជូនដល់សមត្ថកិច្ចផងដែរ៕