ប្រធានាធិបតីអាមេរិក ត្រៀមខ្លួនរួចរាល់សម្រាប់ជំនួបកំពូលជាមួយលោក ពូទីន ក្រោយទៅដល់ទីក្រុងហ្សឺណែវ

តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១អោយ ដឹងថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល ជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ខណៈមានការរំពឹងជាច្រើនថាជំនួបនេះនឹងមិនអាចធ្វើឱ្យទំនាក់ទំនង រវាងមហា អំណាចទាំង២ ល្អប្រសើរឡើងវិញភ្លាមៗ នោះទេ។

បើតាមការគ្រោងទុក លោក បៃដិន និងលោក ពូទីន នឹងត្រូវចំណាយពេល ៥ម៉ោងអង្គុយពិភាក្សាគ្នានៅឯឧទ្យាន ឡា ហ្រ្គង់ (La Grange) ក្នុងទីក្រុងហ្សឺណែវ ហើយ ជំនួបនេះនឹងចាប់ផ្ដើមនៅម៉ោង ១រសៀលថ្ងៃពុធនេះ (ម៉ោងនៅស្វីស)។

នៅពេលត្រូវបានសាកសួរថាតើលោកបានត្រៀមខ្លួនហើយ ឬនៅ សម្រាប់ជំនួបជាមួយលោក ពូទីន លោក បៃដិនមិននិយាយអ្វីច្រើនឡើយ ដោយគ្រាន់តែប្រាប់អ្នកសារព័ត៌មានទាំងទឹកមុខ ញញឹម វិញថា៖ «ខ្ញុំតែងតែត្រៀមខ្លួនរួចរាល់ជានិច្ច»។

សូមបញ្ជាក់ថា ជំនួបរវាងលោក បៃដិន និងលោក ពូទីន គឺជាជំនួបលើកដំបូងបំផុតចាប់តាំងពីលោក បៃដិនស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីខែមករា មក។

ប៉ុន្តែ ទាំងក្រុមអ្នក ជំនាញ និងសេតវិមានមិនរំពឹងទេថាជំនួបនេះនឹងធ្វើទំនាក់ទំនងអាមេរិក-រុស្ស៊ីល្អប្រសើរនឹងគ្នា ឡើងវិញ។ ប៉ុន្តែ អ្វីដែលពួកគេសង្ឃឹម នោះគឺថា នឹងមានការកំណត់ពី «បន្ទាត់ក្រហម» ឱ្យបាន ច្បាស់បង្ការកុំឱ្យទំនាក់ទំនងរវាងមហាអំណាចទំាង២ ធ្លាក់ចុះដុនដាបរឹតតែខ្លាំងនៅពេលអនាគត៕