យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ ២០២១បានបញ្ជាក់ថាប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា សេដ្ឋកិច្ច របស់ប្រទេសនេះ មានភាពប្រសើរឡើងវិញហើយនៅឆ្នាំ២០២១នេះ ប៉ុន្តែលោកបានអំពាវនាវឱ្យ ចាត់វិធានការយ៉ាងតឹងរ៉ឹងបន្ថែម ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ ដែលបណ្តាលមកពីការ ឆ្លងរាតត្បាតជំងឺ COVID-19 និងការវាយប្រហារដោយព្យុះទីហ្វុង កាលពីឆ្នាំ២០២០កន្លងទៅ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានធ្វើជាប្រធានកិច្ចប្រជុំពេញ អង្គ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកំពុងកាន់អំណាច កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីត្រួត ពិនិត្យឡើងវិញនូវវឌ្ឍនភាពគោលនយោបាយសំខាន់ៗ និងវិធានការសិប្បកម្ម ដើម្បីដោះស្រាយ បញ្ហាសេដ្ឋកិច្ច។
នៅក្នុងកិច្ចប្រជុំនោះ លោក គីម បានគូសបញ្ជាក់ថា សេដ្ឋកិច្ចទាំងមូលនៃប្រទេសកូរ៉េខាងជើង មានភាពប្រសើរឡើងវិញហើយ នៅឆមាសទី១ នៃឆ្នាំ២០២១នេះ ដោយមានទិន្នផលឧស្សាហកម្ម កើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ទោះជាយ៉ាងណាប្រមុខដឹកនាំកូរ៉េខាងរូបនេះបានសង្កត់ធ្ងន់ថា «ស្ថានភាពស្បៀងអាហាររបស់ប្រជាជន នាពេលឥឡូវនេះ កាន់តែមានភាពតានតឹងឡើងហើយ ខណៈវិស័យកសិកម្ម មិនបានបំពេញទៅ តាមផែនការផលិតកម្មរបស់ខ្លួន ដោយសារតែការខូចខាត បង្កឡើងដោយព្យុះទីហ្វុងកាលពីឆ្នាំ ២០២០ កន្លងទៅនេះ»។
បើតាម KCNA គណបក្សពលករកំពុងកាន់អំណាច បានប្តេជ្ញាដឹកនាំកិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងការធ្វើកសិកម្មនៅឆ្នាំ២០២១នេះ និងពិភាក្សាពីវិធីសាស្ត្រនានា ដើម្បីដោះស្រាយការឆ្លងរីក រាលដាល COVID-19 ផងដែរ។
រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងជើង មិនទាន់បានបញ្ជាក់ ជាផ្លូវការ នូវការរកឃើញករណីឆ្លងជំងឺ COVID-19 ណាមួយឡើយ។ ទោះជាយ៉ាងណា ប្រទេស នេះបានដាក់ចេញនូវវិធានការ ប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងតឹងរ៉ឹង រួមមានការបិទព្រំដែន និងការ រឹតត្បិតលើការធ្វើដំណើរក្នុងស្រុកជាដើម៕