នៅព្រឹកថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២១នេះ ជាថ្ងៃដែលអាជ្ញាធរ សម្រេចឲ្យបើកដំណើរការគ្រប់ អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ក្រោយពីបានបិទខ្ទប់ មិនឱ្យដំណើរការ ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២១កន្លងមក និងបានបើកឡើង វិញក្នុងកម្រិតត្រឹមតែលក់គ្រឿងហូបចុក បន្លែ ត្រីសាច់កាលពីថ្ងៃទី២៤ ឧសភា កន្លងទៅ។
ជាក់ស្តែងនៅព្រឹកនេះ មានជីវករប្រមាណ៧០ភាគរយប៉ុណ្ណោះ បានចូលមកលក់ដូរវិញ ដោយសារ ថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹង និងមួយចំនួនទៀត មិនទាន់បានដឹងនូវឡើយ ប៉ុន្តែចំពោះអាជីវករដែលលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។
ការបើកឱ្យដំណើរការឡើងវិញ នៅព្រឹកថ្ងៃ១៥ ខែមិថុនានេះ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋ នានានៅក្នុងរាជធានីភ្នំពេញ បានដំណើរការជាធម្មតា ជាមួយនិងការអនុវត្តនូវវិធានរបស់ក្រសួង សុខាភិបាល និងការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអនុវត្តវិធានការសុវត្ថិភាព ពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code ជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។
ដោយឡែកចំពោះអាជីវករ ដែលមិនទាន់បានបើកលក់ដូរ គឺគាត់មកបើកតូប ដើម្បីបោសសំអាត និងរៀបចំឥវ៉ាន់ ដើម្បីលក់នាថ្ងៃបន្ទាប់។ ក្នុងនាមអាជីវករផ្សារ ក៏ដូចអតិថិជន លោកសូមថ្លែងអំណរ គុណរាជរដ្ឋាភិបាល ពិសេសអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ដែលបានអនុញ្ញាត អោយ បើកដំណើរការលក់ដូរផ្សារទាំង២៥ឡើងវិញ។
បើតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញកាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតី ឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋ ទាំងអស់ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ត ទៅ។ គ្រប់អាជីវកម្ម-ការលក់ដូរ ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការ ត្រូវអនុវត្តវិធានការ សុវត្ថិភាព ផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស, កាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព, ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code និងត្រូវអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន៕