ប្រធានាធិបតីប្រេស៊ីលស្នើឲ្យ ក្រុមហ៊ុន Pfizer បញ្ជូនវ៉ាក់សាំងមកប្រទេសនេះ ឲ្យបានលឿន ជាងគម្រោង

តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ ២០២១បានអោយដឹងថា លោកហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ប្រធានាធិបតីប្រេស៊ីល នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើការស្នើយ៉ាងទទូច ឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer ធ្វើការបញ្ជូនវ៉ាក់សាំង ដែល ត្រូវបានគ្រោងបញ្ជូនមកកាន់ ប្រទេសអាមេរិកឡាទីនមួយនេះឡើងវិញ ខណៈយុទ្ធនាការចាក់វ៉ាក់សាំង កំពុងជួបប្រទះភាពយឺតយ៉ាវខ្លាំង។

ការស្នើរបស់លោក បូលសូណារ៉ូ ខាងលើនេះ គឺជាការត្រលប់ថយក្រោយវិញ បន្ទាប់ពីការបដិសេធ កាលពីឆ្នាំ២០២០ ក្នុងការទទួលយកសំណើផ្តល់ជូនវ៉ាក់សាំង ពីសំណាក់ក្រុមហ៊ុនអាមេរិក Pfizer ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 យ៉ាងគំហុកនៅប្រេស៊ីលនោះ។ លោក បូលសូណារ៉ូ បានធ្វើការស្នើបែបនេះ នៅក្នុងជំនួបតាមប្រព័ន្ធវីដេអូខុនហ្វ្រិន ជាមួយនាយកប្រតិបត្តិ Pfizer ប្រចាំប្រេស៊ីលលោក ម៉ាតា ដាយអ៊ែស (Marta Diez)។

សូមជម្រាបថា លោក បូសូណារ៉ូ រួមជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រេស៊ីល បានស្នើឲ្យក្រុមហ៊ុន Pfizer ពន្លឿនការផ្តល់វ៉ាក់សាំងមកកាន់ខែមិថុនានេះវិញ ខណៈគម្រោងកាលពីមុន គឺវ៉ាក់សាង Pfizer នឹងត្រូវមកដល់នៅអំឡុងត្រីមាសទី ៤ នៃឆ្នាំ២០២១ឯណោះ។ ទោះជាយ៉ាងនេះក្តី តំណាង Pfizer ប្រចាំនៅប្រេស៊ីលមិនទាន់ធ្វើការឆ្លើយតបវិញឡើយ៕