អ្នកកាសែតជនជាតិអាមេរិកម្នាក់ ត្រូវបាន មីយ៉ាន់ម៉ាសម្រេចដោះលែង

យោងតាមប្រភពពីមេធាវីរបស់លោក Nathan Maung ដែលត្រូវបានដកស្រង់ និងចេញផ្សាយ ដោយ Reuters នារសៀលថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១បានបញ្ជាក់អោយដឹងថាពលរដ្ឋ អាមេរិកាំងម្នាក់ឈ្មោះ ណាថាន់ មួង (Nathan Maung) ដែលត្រូវជាអ្នកសារព័ត៌មានប្រចាំ នៅ មីយ៉ាន់ម៉ា ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងហើយ ដោយលោកនឹងឡើងយន្តហោះ ត្រលប់ ទៅសហរដ្ឋអាមេរិកវិញ នៅថ្ងៃអង្គារស្អែកនេះ។

បើតាមមេធាវីខាងលើ តុលាការមីយ៉ាន់ម៉ាបាន ទម្លាក់ចោលការចោទប្រកាន់ ទៅលើលោក Nathan Maung និពន្ធនាយកសារព័ត៌មាន កាម៉ាយុត (Kamayut Media) បន្ទាប់ពីដើមបណ្តឹងបានដកការចោទប្រកាន់វិញ។ សហរដ្ឋអាមេរិក និងក្រុម អ្នកគាំទ្រសិទ្ធិសេរីភាពសារព័ត៌មាននៅមីយ៉ាន់ម៉ា កន្លងមកបានអំពាវនាវយ៉ាងទទូច ឲ្យរបបដឹកនាំ យោធាមីយ៉ាន់ម៉ា ដោះលែងលោក Nathan Maung និងអ្នកជាប់ឃុំផ្សេងៗទៀត។

សូមបញ្ជាក់ថា ក្រៅពីអ្នកកាសែតខាងលើនេះ សហរដ្ឋអាមេរិកក៏បានសម្តែងក្តីព្រួយបារម្ភ ចំពោះ ចាប់ឃុំខ្លួនពលរដ្ឋអាមេរិកាំង មួយរូបផ្សេងទៀតមានឈ្មោះ ដាញែល ហ្វែនស្តឺរ (Daniel Fenster) ដែលកំពុងជាប់ឃុំនៅឡើយ និងបានអំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងរូបគេជាបន្ទាន់ ផងដែរ៕