ខេត្តកំពង់ចាម រកឃើញ និងបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ ១៩នាក់បន្ថែមទៀត ខណៈជាសះស្បើយ២៧នាក់

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញ និងបង្ហាញអត្ដសញ្ញាណអ្នកកើតជំងឺកូវីដ១៩ ចំនួន១៩នាក់បន្ថែមទៀត ដែលក្នុងនោះសុទ្ធតែអ្នកពាក់ព័ន្ធជាមួយកម្មករ កម្មការិនីរោងចក្រ។

អ្នកដែលទើបរកឃើញឆ្លងជំងឺកូវីដ១៩ ទាំង១៩នាក់នេះ មាននៅស្រុកកោះសូទិន ចំនួន១នាក់, ក្រុងកំពង់ចាម ចំនួន២នាក់, ស្រុកស្រីសន្ធរ ចំនួន៥នាក់, ស្រុកជើងព្រៃ ចំនួន៥នាក់ និងស្រុកចំការ លើ ចំនួន៦នាក់។ ក្នុងនោះជាសះស្បើយចំនួន២៧នាក់។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនង នឹងអ្នកជំងឺកូវីដ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755។

បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏នៅតែអំពាវនាវបន្ដទៀតដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្រប តាមបរិបទនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ជៀសផុតពីជំងឺមហាប្រល័យនេះ៕