តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ ២០២១ បានអោយដឹងថា ការផ្ទុះករណីឆ្លងជំងឺ COVID-19 នៅតាមរោងចក្រនានា ទូទាំងប្រទេស ថៃ កំពុងតែបង្កើនក្តីព្រួយ បារម្ភកាន់តែខ្លាំងឡើង ចំពោះផលប៉ះពាល់ធ្ងន់ធ្ងរ ទៅលើវិស័យនាំចេញ របស់ប្រទេសអាស៊ាន មួយនេះ ខណៈដែលជំងឺរាតត្បាតសកល បានធ្វើឲ្យវិស័យទេសចរណ៍ ធ្លាក់ ចុះដល់កម្រិតទាបបំផុតរួចទៅហើយ។
យោងតាមរបាយការណ៍ចុងក្រោយពីអាជ្ញាធរថៃ រោងច ក្រជាង ១៣០ហើយ បានកើតមានករណីឆ្លងជំងឺ COVID-19 ក្នុងនោះមនុស្សជាង ៧,១០០នាក់ ត្រូវបានធ្វើតេស្តវិជ្ជមាន នៅក្នុងខេត្តសរុបចំនួន ១១។
របាយការណ៍ទាំងអស់នេះ ត្រូវបានធ្វើឡើង អមជាមួយនិងទិន្នន័យនៃការឆ្លង COVID-19 នៅតាមពន្ធនាគារ និងការដ្ឋានសំណង់ផងដែរ។
សូមបញ្ជាក់ថា ករណីផ្ទុះជំងឺឆ្លងរាតត្បាត COVID-19 នៅតាមរោងចក្រជាង ១៣០ ខាងលើនេះ គឺគ្រាន់តែជាចំណែកតូចមួយ នៃរោងចក្រសរុបចំនួនជាង ៦,៣០០ នៅទូទាំងប្រទេសថៃប៉ុណ្ណោះ ប៉ុន្តែក្រុមមន្ត្រីជំនាញបានបង្ហាញក្តីព្រួយបារម្ភថា ផលប៉ះពាល់លើវិស័យនាំចេញ នឹងអាចផ្ទុះ ឡើង ធ្ងន់ធ្ងរ ចំពោះមុខការដួលរលំនៃវិស័យទេសចរណ៍៕