សម្តេចតេជោ ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតឆែកជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ លោក ម៉ាទីន វ៉ាវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អគ្គរដ្ឋទូតឆែក ឱ្យជួយជំរុញថែមទៀតនូវ កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការ អភិវឌ្ឍធនធានមនុស្ស រវាងប្រទេសទាំងពីរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យថា ក្នុងជំនួបនេះ លោក ម៉ាទីន បាន ជម្រាបជូនសម្តេចតេជោថា បេសកកម្មរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកធំធាត់ឡើង និងស៊ីជម្រៅថែមទៀត។

លោកអគ្គរដ្ឋទូតបានបន្ថែមថា សាធារណរដ្ឋឆែក មានមនោសញ្ចេតនាខ្ពស់ និងអារម្មណ៍យ៉ាង ជិតស្និទជាមួយនឹងកម្ពុជា។ ឈរនៅលើមូលដ្ឋាននេះ លោកបានសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពី សមត្ថភាព ដើម្បីជំរុញនិងលើកស្ទួយកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងលើវិស័យវិនិយោគ។

ជាមួយគ្នានោះ លោកក៏បានជំរាបជូនសម្តេចតេជោដែរថា សាធារណរដ្ឋឆែក នឹងបន្តជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការ ស្វាគមន៍ និងអបអរជូនចំពោះ លោក ម៉ាទីន វ៉ាវរ៉ា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅកម្ពុជា។

សម្តេចបានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ដែលបានជួយដល់ កម្ពុជា ពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ជាងនេះទៅទៀត ឆែកក៏បាន លុបបំណុលមួយចំនួនធំ ហើយបំណុលដែលសេសសល់ បានបង្វែរមកជួយកម្ពុជាវិញ តាមរយៈ ការសាងសង់សាលារៀន និងវិស័យសង្គមកិច្ចជាដើម។

សម្តេចតេជោ ក៏បានជម្រាបជូនលោកអគ្គរដ្ឋទូតដែរថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលអាចចាក់បានដល់ទៅ១០លាននាក់ ត្រឹមតែវិច្ឆិកាខាងមុខ៕