ប្រធានាធិបតីអាមេរិក នឹងពង្រឹងសម្ពន្ធភាពអង្គការ NATO ឡើងវិញ ក្រោយប្រេះឆា ក្រោមសម័យលោក ដូណាល់ ត្រាំ

តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ បាន បញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងពង្រឹង ក៏ដូចជាស្ដារ ឡើងវិញនូវទំនុកចិត្តចំពោះសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអង្គការ NATO នៅថ្ងៃចន្ទដើម សប្ដាហ៍នេះ ដែលជាកិច្ចប្រជុំដំបូងបំផុតក្រោយអាណត្តិអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។

ទំនាក់ទំនងរវាងអាមេរិក និងសម្ពន្ធមិត្តអង្គការ NATO បានល្អក់កករនឹងគ្នាយ៉ាងខ្លាំងនៅក្រោម អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលមានការខ្វែងគំនិតគ្នាជាមួយសមភាគី របស់លោកនៅក្នុង កិច្ចប្រជុំកាលពីឆ្នាំ២០១៩ ជាពិសេសពាក់ព័ន្ធនឹងការបង្ខំឱ្យប្រទេសជាសមាជិក NATO បង្កើន កញ្ចប់ថវិកាយោធា។

ប៉ុន្តែ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកំពូល G7 កាលពីថ្ងៃអាទិត្យម្សិលមិញ លោក បៃដិនបានសង្កត់ធ្ងន់ថាលោកមិនដែលចាត់ទុក NATO ជាបងធំ ឬអ្នកដើរទារថ្លៃការពារពីប្រទេស ដទៃនោះឡើយ។

លោក បៃដិនបានគូសបញ្ជាក់ដូច្នេះថា៖ «យើងជឿជាក់ថា NATO ពិតជាមានសារៈសំខាន់បំផុត សម្រាប់សមត្ថភាពរបស់យើងក្នុងការការពារសន្តិសុខជាតិអាមេរិក។ សហរដ្ឋអាមេរិកបានត្រឡប់មកវិញជាថ្មី ជាមួយកាតព្វកិច្ចដ៏ពិសិដ្ឋក្នុងការពារសម្ពន្ធភាពមួយនេះ»៕