ទីក្រុងមួយរបស់ប្រទេសឥណ្ឌូនេស៊ីយកឡានក្រុងដឹកវ៉ាក់សាំងកូវីដទៅចាក់ដល់ប្រជាជនតាមផ្ទះ

ទីក្រុងមួយរបស់ប្រទេសឥណ្ឌូនេស៊ី កំពុងតែនាំយកវ៉ាក់សាំងកូវីដ១៩ទៅកាន់ប្រជាជនរបស់ខ្លួនជាមួយកងរថយន្ដក្រុងវ៉ាក់សាំងខណៈប្រទេសមួយនេះកំពុងប្រឈមនឹងការឆ្លងរាលដាលយ៉ាងខ្លាំងបន្ទាប់ពីពិធីបុណ្យសាសនាដ៏សំខាន់មួយ។អាជ្ញាធរនៅទីក្រុងប៉េកាន់បារូ នៅលើកោះស៊ូម៉ាត្រាបានបង្កើនចំនួនឡានក្រុងទ្វេដងនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនរហូតដល់ចំនួន ១០ គ្រឿងចាប់តាំងពីដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ១ ខែមិថុនា បន្ទាប់ពីមានការឆ្លើយតបប្រកបដោយការពេញចិត្តពីសំណាក់សាធារណជនដែលសប្បាយចិត្តនឹងភាពងាយស្រួលបែបនេះ។

ប្រទេសឥណ្ឌូណេស៊ី ជាប្រជុំកោះដ៏ធំល្វឹងល្វើយដែលមានប្រជាជនចំនួន ២៧០ លាននាក់ កំពុងត្រៀមខ្លួនសម្រាប់ការកើនឡើងករណីឆ្លងវីរុសកូរ៉ូណាបន្ទាប់ពីពិធីបុណ្យហារីរ៉ាយ៉ាអៃឌីលហ្វីលទ្រីកាលពីខែមុនដែលមានមនុស្សរាប់លាននាក់ធ្វើដំណើរទៅលេងគ្រួសារនិងមិត្តភក្តិ។

លោកដេវីដ ក៏ដូចជាប្រជាជនឥណ្ឌូនេស៊ីច្រើននាក់ទៀត បាននិយាយថា “ខ្ញុំសង្ឃឹមថាកម្មវិធីនេះនឹងបន្តរហូតទាល់ប្រជាជនទាំងអស់នៅក្នុងទីក្រុងនេះចាក់វ៉ាក់សាំងពេញលេញ។វាកាន់តែកៀកនិងងាយស្រួលជាងមជ្ឈមណ្ឌលចាក់វ៉ាក់សាំង”។

រដ្ឋបាលក្រុងប៉េកាន់បារូ ជាទីរួមខេត្តរីអាវ និយាយថា រថយន្តក្រុងទាំងនេះប្រើប្រាស់វ៉ាក់សាំង Sinovac របស់ចិនចំនួន ១២.០០០ ដូស ហើយកំពុងចាក់ឱ្យប្រជាជនបាន ១.០០០ នាក់ក្នុងមួយថ្ងៃ។ អាជ្ញាធរនិយាយថា ពួកគេមានគម្រោងបង្កើនចំនួនឡានក្រុង ប៉ុន្តែមិននិយាយថាបង្កើនប៉ុន្មានគ្រឿងនោះទេ៕