រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ១៩ នៅ ខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងជនបទរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ នៅខណ្ឌចំនួន០៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្តកណ្ដាល។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងបណ្តាថ្នាក់ដឹកនាំចម្រុះក្រសួងការពារ ជាតិផងដែរ។

សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទ្រង់ទ្រាយធំដែលរៀបចំដោយក្រសួង ការពារជាតិ បានធ្វើឡើង ចាប់ពីកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

តាមរបាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព, គ្រួសារកងទ័ព និង ប្រជាពលរដ្ឋ បានចំនួនសរុប ១,៣០៤,២៦១នាក់ ក្នុងនោះចាក់នៅតំបន់ក្រហមបានចំនួន ៩៩៣,៩០២នាក់ ខណៈចាក់លើកទី២ បានចំនួន ១,១៤១,៥៥០នាក់៕