យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១បានអោយដឹងថា មេដឹកនាំនៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿន G7 នៅថ្ងៃសៅរ៍នេះ ត្រូវបានគេរំពឹងថា នឹងព្រមព្រៀងគ្នាលើសេចក្តីប្រកាសរួមមួយ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតសកល ថ្មីទៀត នៅថ្ងៃអនាគត ខណៈជំងឺរាតត្បាតសកលបច្ចុប្បន្នគឺ COVID-19 នៅមិនទាន់បញ្ចប់ទៅ ស្រួលបួលផងនោះ។
ប្រទេសជាសមាជិករបស់ G7 ដូចជា ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ក៏មិនភ្លេចក្នុងការបង្ហាញការមូលកម្លាំងគ្នា ដើម្បីទប់ទល់ឥទ្ធិពលចិន និងរុស្ស៊ី នោះដែរ ព្រោះបញ្ហានេះស្ថិតក្នុងរបៀបវារៈកំពូល នៃកិច្ចប្រជុំក្នុងឆ្នាំ២០២១ ដែលកំពុងប្រារព្ធឡើង នៅចក្រភពអង់គ្លេសក្នុងឆ្នាំនេះ។
បន្ថែមពីខាងលើនេះទៀត មេដឹកនាំប្រទេស G7 នឹងចូលរួមជាមួយ ប្រទេសជាដៃគូធំៗមួយចំនួន ទៀតដូចជា អូស្ត្រាលី អាហ្វ្រិកខាងត្បូង កូរ៉េខាងត្បូង និងឥណ្ឌាផងដែរ តាមរយៈកិច្ចប្រជុំតាម ប្រព័ន្ធវីដេអូអនឡាញ ដើម្បីពិភាក្សា និងព្រមព្រៀងគ្នាលើគោលនយោបាយដោះ ស្រាយ «បញ្ហា បម្រែបម្រួលអាកាសធាតុ»៕