UEFA បានត្រៀមកញ្ចប់ទឹកប្រាក់ ៤៥៦លានដុល្លារ ដើម្បីចែកជូនដល់ ២៤ប្រទេសដែលលេងនៅ Euro 2020

យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា Sporting Free បានអោយដឹងថា សហព័ន្ធបាល់
ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA បានត្រៀមកញ្ចប់ថវិកាប្រមាណ ៤៥៦លានដុល្លារ ដើម្បីធ្វើការចែក ជូនទាំង ២៤ក្រុម (ប្រទេស) ដែលលេងនៅព្រឹត្តិការណ៍ជើងឯកអឺរ៉ុប European Championship 2020 (Euro 2020) ដោយចាប់ផ្តើមនាខែក្រោយ។ កញ្ចប់ទឹកប្រាក់នេះដែរ បានកើនឡើង ២៤ភាគ រយបើប្រៀបធៀបទៅនឹង Euro 2016 នៅប្រទេសបារាំង ដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ជា ម្ចាស់ជើងឯកនោះ។

ព្រឹត្តិការណ៍បាល់ទាត់ Euro 2020 លើកទី១៦ នឹងចាប់ផ្តើមប្រកួតផ្លូវការចាប់ពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ នៅតាមកីឡដ្ឋានចំនួន១២ ស្ថិតក្នុង ៨ប្រទេស ផ្សេងៗគ្នាទូទាំងទ្វីបអឺរ៉ុប ក្រោយបង្ខំចិត្តពន្យារពេល ១ឆ្នាំដោយសារការរីករាលដាលនៃជំងឺ COVID-19។

ចំណែកឯចំនួនទឹកប្រាក់ដែលបណ្តាក្រុមនីមួយៗទទួលបាន គិតជា (លានដុល្លារ) នោះគឺ៖
១៖ ក្រុមជាប់ពីក្នុងវគ្គជម្រុះ បាន $១១.៣១m ក្នុង ១ក្រុម
២៖ លេងវគ្គសន្សំពិន្ទុក្នុងពូល បាន $១.៨៣m បើឈ្នះ និងស្មើបាន ៩២ម៉ឺនដុល្លារ (១ប្រកួត)
៣៖ វគ្គ ១៦ក្រុមចុងក្រោយ បាន $២.៤៤m ក្នុង ១ក្រុម
៤៖ វគ្គ ៨ក្រុម បាន $៤m ក្នុង ១ក្រុម
៥៖ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បាន $៦.១១m ក្នុង ១ក្រុម
៦៖ ក្រុមរងជើងឯក បាន $៨.៥៥m
៧៖ ក្រុមជើងឯក បាន $១២m។

ដូច្នេះ សម្រាប់ក្រុមជម្រើសជាតិដែលធ្វើបានល្អតាំងពីប្រកួតសន្សំពិន្ទុក្នុងពូល រហូតដល់ឈ្នះជើង ឯកនឹងទទួលបានទឹកប្រាក់សរុបប្រមាណជិត ៤០លានដុល្លារអាមេរិក គ្រាដែលក្រុមជើងឯករង ទទួលបានជិត ៣០លានដុល្លារទៅតាមការប្រកួតរបស់ពួកគេ៕