យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ ២០២១បានបញ្ជាក់អោយដឹងថា រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រូវបានគេរំពឹងថានឹងឯកភាព ធ្វើការរួមគ្នាដើម្បីបើកការធ្វើ ដំណើរឡើងវិញ រវាងប្រទេសទាំងពីរ «ឱ្យបានឆាប់តាមដែលអាច ធ្វើទៅបាន»។
សេចក្តីថ្លែងការណ៍ដដែលនេះបានគូសបញ្ជាក់ទៀតថា លោក ចូ បៃដិន ដែលបានមកដល់ចក្រភព អង់គ្លេសកាលពីថ្ងៃពុធសប្ដាហ៍នេះ សម្រាប់ដំណើរទស្សនកិច្ច ក្រៅប្រទេសជាលើកដំបូងរបស់ លោកក្នុងនាមជាប្រធានាធិបតីអាមេរិក នឹងជួបជាមួយលោក បូរីស ចនសុន នៅតំបន់ ខនវ៉ល (Cornwall) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ពោលគឺមុនកិច្ចប្រជុំមេដឹកនាំនៃក្រុមបណ្ដាប្រទេសដែល មានសេដ្ឋកិច្ចជឿនលឿនទាំង៧ ដែលនឹងចាប់ផ្តើមនៅថ្ងៃសុក្រសប្ដាហ៍នេះ។
បើតាមសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋបាលរបស់លោក ចូ បៃដិន កំពុង បង្កើតក្រុមការងារជំនាញជាមួយចក្រភពអង់គ្លេស កាណាដា មិចស៉ីកូ និងសហភាពអ៊ឺរ៉ុបដើម្បី កំណត់វិធីដ៏ល្អបំផុត ក្នុងការចាប់ផ្តើមការធ្វើដំណើរឡើងវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីការរឹត ត្បិតទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 អស់រយៈពេល ១៥ខែមកនេះ៕