ទឹកប្រាក់ប្រមាណជាជាង ៤លានដុល្លារអាមេរិក នឹងត្រូវបើកជូនប្រជាពលរដ្ឋខ្វះខាតខ្លាំង នៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ

នៅក្នុងសន្និសីទស្តីពីការបើកសាច់ប្រាក់ជំនួយសង្គមដល់ពលរដ្ឋនៅតំបន់បិទខ្ទប់ទាំង៣ដូជា: រាជធានីភ្នំពេញ, ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកផែនការនៃក្រសួងផែនការ បានឱ្យ ដឹងថា ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ទាំង៣ ខាងលើ ដែលត្រូវទទួលបានការឧបត្ថម្ភនេះមានជាង ៦ម៉ឺនគ្រួសារ ស្មើនឹងជាង ២០ម៉ឺននាក់ ដែល នឹងត្រូវចំណាយទឹកប្រាក់សរុបប្រមាណជា ៤លានដុល្លារអាមេរិក ។

ចំនួននេះ ដោយមិនរាប់បញ្ចូលប្រជាពលរដ្ឋមានបណ្ណក្រីក្រកម្រិត១ និងកម្រិត២ ក៏ដូចជាកម្មករ និង និយោជិត ដែលកំពុងទទួលបានកម្មវិធីឧបត្ថម្ភរៀងរាល់ខែនោះទេ។

ឯកឧត្តម ថេង បញ្ញាធន បានបញ្ជាក់ផងដែរថា ដោយយោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ ក្រសួងផែនការទុកពេលមួយសប្តាហ៍ទៀត គិតពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែមិថុនា ជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នេះ ឱ្យតវ៉ា ឬដាក់ពាក្យស្នើសុំជំនួយ ឧបត្ថម្ភនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ បានបញ្ជាក់ថា កម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់» នេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់ភូមិសាស្ត្រដែល ទទួលរងនូវវិធានការបិទខ្ទប់ក្នុងលក្ខណៈទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្ត កណ្តាល និងក្រុងព្រះសីហនុ ដែលមានជីវភាពលំបាក។

គ្រួសារប្រជាពលរដ្ឋគោលដៅនៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ដែលត្រូវទទួល បានការឧបត្ថម្ភនេះរួមមាន៖ គ្រួសារអ្នកបើកបរ, កម្មករសំណង់, អ្នកលក់ដូរតាមផ្លូវ, បុគ្គលិកលក់ ដូរតាមផ្សារ, អ្នករើសសំរាម និងអ្នកធ្វើការផ្នែកសេវាកម្សាន្តជាដើម។

សេចក្តីជូនព័ត៌មានរបស់រាជរដ្ឋាភិបាលដដែល ក៏បានបញ្ជាក់ថា គ្រួសារគោលដៅដែលត្រូវទទួល បានការឧបត្ថម្ភនេះ សម្រាប់គ្រួសារមានសមាជិក ១នាក់ ទទួលបានថ្លៃស្បៀងអាហារ ១០ម៉ឺនរៀល ចេញថ្លៃទឹកស្អាតរយៈពេលពីរខែ ស្មើនឹងទឹកប្រាក់ ១៨,០០០រៀល ថ្លៃអគ្គិសនីរយៈពេល ២ខែ ស្មើនឹងទឹកប្រាក់ ៣៨,០០០រៀល សរុបទឹកប្រាក់ឧបត្ថម្ភទាំងអស់ស្មើ ១៥៦,០០០រៀល
សម្រាប់គ្រួសារមានសមាជិក ២-៣នាក់ ទទួលបានថ្លៃស្បៀងអាហារ ១១៣,៥០០រៀល ថ្លៃទឹក ស្អាតរយៈពេលពីរខែស្មើនឹងទឹកប្រាក់ ៤៤,៨០០រៀល ថ្លៃអគ្គិសនីរយៈពេល ២ខែ ស្មើនឹងទឹកប្រាក់ ៨៥,៤០០រៀល សរុបទឹកប្រាក់ឧបត្ថម្ភទាំងអស់ស្មើ ២៤៣,៧០០រៀល។

សម្រាប់គ្រួសារមានសមាជិក ៤នាក់ឡើង ទទួលបានថ្លៃស្បៀងអាហារ ១២៧,០០០រៀល ថ្លៃទឹក ស្អាតរយៈពេលពីរខែស្មើនឹងទឹកប្រាក់ ៦២,០០០រៀល ថ្លៃអគ្គិសនីរយៈពេលពីរខែ ស្មើនឹងទឹកប្រាក់ ១២២,០០០រៀល សរុបទឹកប្រាក់ឧបត្ថម្ភស្មើនឹង ៣១១,០០០រៀល។

រាជរដ្ឋាភិបាលក៏បានសម្រេចផ្តល់ជូននូវការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ និងអ្នកមានឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាព នៅក្នុងព្រឹត្តិ ការណ៍២០ កុម្ភៈ ឆ្នាំ២០២១នោះផងដែរ។

សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ផ្តល់ជូនសាច់ប្រាក់ចំនួន ៣០ម៉ឺនរៀល និងបូកបន្ថែមនូវការឧបត្ថម្ភជាសាច់ប្រាក់សម្រាប់ជួយបង់ថ្លៃអគ្គីសនី និងទឹកស្អាតរយៈពេល ៥ខែ។ សរុបសាច់ប្រាក់ឧបត្ថម្ភដល់អ្នកមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩នេះ សម្រាប់គ្រួសារមាន សមាជិកមួយនាក់ទទួលបាន ៤៤ម៉ឺនរៀល, គ្រួសារមានសមាជិក ២ ទៅ៣នាក់ ទទួលបាន ៦២៥,៥០០រៀល និងគ្រួសារមានសមាជិកចាប់ពី ៤នាក់ឡើង ទទួលបាន ៧៦ម៉ឺនរៀល។

ដោយឡែកគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ១៩ និងមានការលំបាកផ្នែកជីវភាពក្រៅពីតំបន់បិទ ខ្ទប់ក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ក៏នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់សរុប ដូចនឹងពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ខាងលើផងដែរ៕