ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលអោយរលំបាក់អាគារកំពស់៣ជាន់សម្លាប់មនុស្ស១១នាក់នៅក្នុងប្រទេសឥណ្ឌា

មន្ត្រីប៉ូលិសបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី០៩ មិថុនាម្សិលម៉ិញនេះថា អាគារកំពស់៣ជាន់មួយ បានរលំបាក់ក្រោយការធ្លាក់ភ្លៀងខ្លាំងនៅទីក្រុមមុំបៃដោយសម្លាប់មនុស្ស១១នាក់និងរបួសជាច្រើននាក់ទៀត។

រ៉ាវីនដ្រា កាដាម នាយប៉ូលិស បាននិយាយថា អ្នកជួយសង្គ្រោះរាប់សិបនាក់បានជីកកាយគំនរថ្មបាក់បែកដើម្បីស្វែងរកអ្នកនៅជាប់ក្រោមគំនរអាគារដែលបានបាក់កាលពីយប់ថ្ងៃពុធ។ការធ្លាក់ភ្លៀងខ្លាំងកាលពីពេលថ្ងៃបង្កការជន់លិចផ្នែកជាច្រើននៃទីក្រុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងកម្សាន្តសប្បាយរបស់ឥណ្ឌានេះ។

ទូរទស្សន៍របស់ឥណ្ឌាមួយបាននិយាយថា អាគារនេះបានរលំបាក់លើសំណង់មួយទៀតនៅតំបន់Malad Westនៃក្រុងមុំបៃ។អ្នកស្រុកបានចូលរួមជាមួយប៉ូលិសនៅក្នុងការជួយសង្គ្រោះជនរងរគ្រោះហើយពួកគេបាននាំអ្នករបួស៧នាក់ទៅកាន់មន្ទីរពេទ្យ។

ក្រុងមុំបៃកាលពីថ្ងៃពុធបានជួបការធ្លាក់ភ្លៀងកំពស់២២២មីលីម៉ែត្រក្នុងរយៈពេល១២ម៉ោង ហើយរលកសមុទ្រកំពស់៤,៦ម៉ែត្របានជួយពន្លិចផ្លូវនិងសង្កាត់មនុស្សរស់នៅ៕