រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បាន អះអាងថា ក្រោយពីបានចំណាយពេលវេលា មួយខែក្នុងការដឹកជញ្ជូនពីកម្ពុជា ទៅកាន់ប្រទេសជប៉ុនរួចមក នៅដើមសប្តាហ៍នេះ គ្រាប់ស្វាយចន្ទីចំនួនជាងប្រាំពីរតោន របស់កម្ពុជាបាន និងកំពុងបង្ហាញខ្លួន យ៉ាងសង្ហា នៅលើទីផ្សារប្រទេសជប៉ុនហើយ ។ឯកឧត្តម បានអះអាងថា សិប្បកម្ម មួយកន្លែង នៅពេលនេះ អាចនាំចេញ គ្រាប់ស្វាយចន្ទី ទៅកាន់ប្រទេសជប៉ុន ។
ឯកឧត្តម រដ្ឋមន្ត្រី បាន អះអាងថា ដោយ មានការជ្រោមជ្រែងពីក្រុមហ៊ុន Top Planning Japan Co., Ltd សហការ ជាមួយនាយកដ្ឋាន កសិ – ឧស្សាហកម្ម នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើឲ្យម្ចាស់សិប្បកម្មកែច្នៃ គ្រាប់ស្វាយចន្ទី ក្នុងស្រុក មួយកន្លែង ដែលមាន ឈ្មោះថា សិប្បកម្មកែឆ្នៃ ស្វាយចន្ទី ជ័យ សំបូរ នៅខេត្តកំពងធំ បានបង្កើតចេញជារោងចក្រកែច្នៃ គ្រាប់ស្វាយ ចន្ទីដោយបាន ប្រើប្រាស់អស់ថវិកា ចំនួនម្ភៃម៉ឺនដុល្លារអាមេរិក ក្នុង គោលបំណង ដើម្បី លើកកម្ពស់ គ្រាប់ស្វាយចន្ទី កម្ពុជា ។
ឯកឧត្តម វេង សាខុន បានបញ្ជាក់ទៀតថា សិប្បកម្មកែច្នៃ នេះ កន្លងមក បានធ្វើការ កែច្នៃ ដោយ ដៃ ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមាន តម្រូវការច្រើនក្រុមហ៊ុន Top Planning Japan Co., Ltd ក៏បានផ្តល់ ជំនួយបច្ចេកទេស និងប្រាក់កក់មួយចំនួន បានធ្វើ សិប្បកម្ម មួយ នេះ អាចមាន លទ្ធភាព បង្កើត រោងចក្រកែច្នៃនេះ ឡើងបានដោយ ជោគជ័យ ។
ឯកឧត្តម បានបន្តថា តាមរយៈ នៃ កិច្ចសហប្រតិបត្តិការ ខាងលើ មកដល់ ថ្ងៃទី ០២ មិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ សិប្បកម្មកែច្នៃស្វាយចន្ទី ជ័យសំបូរបាននាំចេញ គ្រាប់ស្វាយចន្ទី លើកដំបូង ដែល បានកែច្នៃរួចជាបន្តបន្ទាប់ទៅដល់កំពង់ផែ អូ សា កា នៃ ប្រទេសជប៉ុន រួចហើយដោយត្រូវប្រើប្រាស់រយៈពេលមួយខែ ដោយ គិតចាប់ពីការរៀបចំដាក់បញ្ចូល ទូកុងតឺនើ នៅទីតាំងសិប្បកម្ម ៕