នៅក្នុងសន្និសីទព័ត៌មានក្រោយពិធីយកដំណក់ប្រេងទៅតម្កល់នៅវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកពីជំនួយរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Sherman ដែលបានជជែកច្រើនលើការ ចោទ ប្រកាន់រឿងមូលដ្ឋានទ័ពចិននៅដែនសមុទ្ររាម។
រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រឿងចោទប្រកាន់មានមូលដ្ឋានទ័ពចិននៅដែនសមុទ្ររាម ទោះបីកម្ពុជាបំភ្លឺប៉ុន្មានក៏អាមេរិកមិន ទទួលយកនោះដែរ ព្រោះមិនត្រូវតាមបំណងរបស់គេ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ក្នុងជំនួបនោះកម្ពុជា បានបញ្ជាក់ជាច្រើនលើ បញ្ហានេះ ហើយលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានស្នើសុំឱ្យមន្ត្រីអនុព័ន្ធយោធាអាមេរិក ប្រចាំនៅកម្ពុជាចុះទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម។
សម្តេច ទៀ បាញ់ បានគូសបញ្ជាក់ថា ឆ្លើយតបនឹងសំណើអនុរដ្ឋមន្ត្រីការបរទេសអាមេរិកនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានស្វាគមន៍ និងអនុញ្ញាតឱ្យមន្ត្រីអនុព័ន្ធយោធាអាមេរិក ចុះ ទៅទស្សនកិច្ច និងសិក្សានៅតំបន់នោះគ្រប់ពេល។
តែសម្រាប់សម្តេចពិជ័យសេនា ទៀ បាញ់ ការចុះទស្សនកិច្ចរបស់មន្ត្រីអនុព័ន្ធយោធាអាមេរិកទៅកាន់សមុទ្ររាមនោះ ក៏មិនអាចបិទបញ្ចប់ការចោទប្រកាន់របស់អាមេរិកមកលើកម្ពុជាបាននោះទេ។ បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ មន្ត្រីអនុព័ន្ធយោធាអាមេរិកធ្លាប់បានចុះទៅទីនោះ ហើយ សម្តេចក៏បានបកស្រាយរាប់មិនអស់មកហើយ តែគេនៅតែមិនទទួលដឹងឮ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ដូច្នេះ «ទោះបីទៅលើកនេះក៏អត់មានអីចម្លែកដែរ ដោយសារអ្វី? មុនហ្នឹងធ្លាប់ចុះទៅម្តងហើយងងឹតមេឃងងឹតដី ចុះទៅម្តងហើយ តែនៅដដែល។ បើខ្ញុំនិយាយ និយាយរាប់លើកមិនអស់ទេ ប៉ុន្តែនៅតែដដែល ព្រោះមិនបានតាមបំណងប្រាថ្នារបស់គេ គេមិនទទួលយកទេ»៕