ប្រសិនបើអាមេរិកមិន ព្រមដកទណ្ឌកម្ម ចេញពីវិស័យអវកាស ប្រទេសរុស្ស៉ីបានគំរាមដើរចេញពី ស្ថានីយអវកាសអន្តរជាតិ (ISS)

តាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក NBC News នៅព្រឹកថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១បានបញ្ជាក់អោយដឹងថា ប្រធានទីភ្នាក់ងារអវកាសរុស្ស៉ី កំពុងបង្ហាញសញ្ញាគំរាមថា ខ្លួននឹងដើរចេញពីកម្មវិធីស្ថានីយអវកាស អន្តរជាតិ (ISS) នៅឆ្នាំ២០២៥ ប្រសិនបើសហរដ្ឋ អាមេរិកមិនព្រមដកទណ្ឌកម្ម ប្រឆាំងវិស័យអវ កាសរុស្ស៉ីចេញវិញទេនោះ។

ក្នុងកំលុងពេលសវនាការដេញដោលមួយនៅសភារុស្ស៉ី កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយកទីភ្នាក់ងារ អវកាស រ៉ូសខូស្មូស (Roscosmos) លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន (Dmitry Rogozin) បាននិយាយ ថា «ប្រសិនបើទណ្ឌកម្មនៅដដែល ហើយមិនត្រូវបានដកចេញ ក្នុងពេលប៉ុន្មានឆ្នាំខាងមុខទេនោះ បញ្ហានៃការដកខ្លួនចេញរបស់ប្រទេសរុស្ស៉ីពីកម្មវិធី ISS នឹងជាការទទួលខុសត្រូវរបស់សហរដ្ឋ អាមេរិក»។

លោក Rogozin បានសង្កត់ធ្ងន់ថា ជម្រើសមានពីរក្នុងនោះ ទីមួយគឺរុស្ស៉ី-សហរដ្ឋអាមេរិកត្រូវ សហការគ្នា តែតម្រូវឲ្យដកទណ្ឌកម្មចេញវិញ រីឯទីពីរគឺប្រទេសទាំងពីរលែងសហការគ្នាតទៅទៀត ហើយរុស្ស៉ីនឹងបង្កើតស្ថានីយអវកាសផ្ទាល់ខ្លួន។ បើតាមលោក Rogozin ទណ្ឌកម្មរបស់អាមេរិក ក៏ធ្វើឲ្យរុស្ស៉ីមិនអាចបាញ់បង្ហោះ ផ្កាយរណបមួយចំនួនបានផងដែរ៕