តាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១បាន បញ្ជាក់អោយដឹងថា លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន កាលពីថ្ងៃចន្ទក្នុង សប្តាហ៍នេះ បានថ្លែងរៀបរាប់លម្អិតអំពីគោលជំហររបស់ ប្រទេសចិន ជុំវិញស្ថានការណ៍បច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា កំលុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសចិន-អាស៊ាន។
ដោយបង្ហាញពីឆន្ទៈរបស់ចិន ក្នុងការបន្តដើរតួនាទីស្ថាបនា លោក វ៉ាង បាននិយាយថា ប្រទេសចិន ត្រៀមខ្លួនរួចស្រេច ដើម្បីសហការជាមួយអាស៊ាន លើបញ្ហាផ្សេងៗដែលទាក់ទងនឹងមីយ៉ាន់ម៉ា។ ចិនស្ម័គ្របានចិត្តចូលរួមទទូច ឲ្យគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ប្រកាន់យកប្រយោជន៍ប្រជាជន ជាអាទិភាពចម្បងបំផុត ហើយរក្សាការអត់ធ្មត់ និងលុបបំបាត់ចោលនូវអំពើហិង្សាគ្រប់ប្រភេទ។
ដើម្បីស្តារដំណើរវិវត្តន៍ នៃលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ចិនលើកទឹកចិត្តឲ្យភាគីទាំងឡាយ ព្យាយាមបង្កើតកិច្ចសន្ទនានយោបាយ នៅក្រោមរដ្ឋធម្មនុញ្ញ និងក្របខណ្ឌច្បាប់។
លោកប្រមុខការទូតចិនក៏បានបន្តទៀតថា ចិនក៏ត្រៀមលក្ខណៈផងដែរ ក្នុងការធ្វើការងារជាមួយ អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ានៅចំពោះមុខវិបត្តិជំងឺ COVID-19។ បន្ថែមពីនេះចិនស្ម័គ្រចិត្តចូលរួមជួយជ្រោមជ្រែង ការស្តារសេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ា ព្រមទាំងលើក កម្ពស់ជីវភាពរស់នៅ ក៏ដូចជាធានានូវសិទ្ធិ និងប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ាថែមទៀតផង។
ជាចុងក្រោយ លោក វ៉ាង បានសង្កត់ធ្ងន់ថា ដើម្បីចៀសវាងការដាក់ទណ្ឌកម្មលក្ខណៈឯកតោភាគី និងការធ្វើអន្តរាគមន៍ណាមួយដែលមិនត្រឹមត្រូវ ចិនទទូចឲ្យប្រទេសដទៃៗទៀត ត្រូវគោរពតាម គោលបំណង និងគោលការណ៍នៃរធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ៕