ចិនអំពាវនាវអោយមេដឹកនាំអាស៊ាន រួមគ្នាផ្សព្វផ្សាយ គុណតម្លៃនៃទ្វីបអាស៉ី

លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអំពាវនាវមេដឹកនាំសមាគម ប្រជាជាតិអាស៉ីអាគ្នេយ៍ទាំងអស់ (អាស៊ាន) រួមគ្នាលើកកម្ពស់ផ្សព្វផ្សាយពីគុណតម្លៃនៃទ្វីបអាស៉ី។

ការអំពាវនាវរបស់ប្រមុខការទូតមហាយក្សចិន បានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រី ការបរទេសចិន-អាស៊ាន ដើម្បីអបអរខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង ប្រទេសចិន។

យោងតាមការផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ លោក វ៉ាង យី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ភាគីទាំងពីរ (អាស៊ាន-ចិន) ត្រូវប្រកាន់ខ្ជាប់ពហុភាគីនិយម និងធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយគុណ តម្លៃនៃទ្វីបអាស៉ី»។

កត់សម្គាល់ថា ការអំពាវនាវរបស់លោក វ៉ាង យី ធ្វើឡើងបន្ទាប់ពីបណ្តាប្រទេសអឺរ៉ុប បានរើសអើង យ៉ាងខ្លាំងចំពោះបណ្តាប្រទេសអាស៉ី តាមរយៈការប្រើប្រាស់អំពើហិង្សាដោយគ្មានគុណធម៌។ បន្ថែមលើនេះ ការណ៍ដែលសហរដ្ឋអាមេរិក មិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ដោយមិនបានជូនដំណឹងជាមុន ក៏ត្រូវបានគេមើលឃើញថា ជាការមើលងាយគុណតម្លៃនៃប្រទេស អាស៊ានផងដែរ។

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ប្រមុខការទូតចិន ក៏បានផ្តល់អនុសាសន៍ថា ចិននិង អាស៊ានត្រូវយកចិត្តទុកដាក់លើរយៈ ៣០ ឆ្នាំនាពេលអនាគត បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្ររវាងចិននិងអាស៊ាន ដែលមានកម្រិតកាន់តែខ្ពស់ ដើម្បីបង្កើតសហគមន៍រួមជោគវាសនាតែ មួយកាន់តែជិតស្និទ្ធ។

នៅចំពោះមុខមេដឹកនាំអាស៊ានទាំងអស់ លោក វ៉ាង យី ថែមទាំងបានប្រកាសថា ចិននឹងខិតខំប្រឹង ប្រែងចែកចាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ទៅកាន់បណ្តាប្រទេសអាស៊ាន បន្ថែមទៀត៕