វិធានការរបស់មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចជំនាញសុខាភិបាល កងនគរបាល កងរាជអាវុធហត្ថ និងកងទ័ព លើករណីអ្នកទទួលខុសត្រូវ ក្រុមហ៊ុនកាស៊ីណូ ស្តារ ខុមផ្លិច (star complex) ឬ ផ្កាយ៥ ថ្មី នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមិនព្រមសហការ អោយយកសំណាក លើបុគ្គលិកសង្ស័យវិជ្ជមានកូវីដ ១៩ ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរង និងជាតំណាងលោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការ យោធភូមិភាគទី៥ បានថ្លែងថាៈ ករណីនេះ បើក្រុមហ៊ុន នៅតែមិនសហការ អោយបុគ្គលិកខ្លួន ចេញមកយកសំណាក រកមេរោគកូវីដ ១៩ តាមវិធានការសុខាភិបាល និងច្បាប់ស្តីពីជម្ងឺកូវីដ ១៩ និងជម្ងឺកាចសាហាវនោះ មានតែចាប់ខ្លួនហើយ ។
ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងដូច្នេះ នៅពេលលោក និងក្រុមការងារ ចុះពិនិត្យការអនុវត្ត វិធានការរដ្ឋបាល លើការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវិដ១៩ នៅក្នុងសហគមន៍ ក្នុងមូលដ្ឋាន នៃភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារ អាជ្ញាធរមានសមត្ថកិច្ច និងគ្រូពេទ្យជួរមុខ បានចុះពិនិត្យយកសំណាក នៅទីតាំងក្រុមហ៊ុន Star Complex ខាងលើ ។
ពោលគឺដោយសារ ជាបន្តបន្ទាប់ មានបុគ្គិលក្រុមហ៊ុន ខាងលើ ចំនួន ៣៦ នាក់ បានស្ម័គ្រចិត្ត ចេញពីទីតាំងខាងលើ ទៅពិនិត្យ សំណាកតាមរយៈ ឧបករណ៍តេស្តរហ័ស(Rapid Test) ជាលទ្ធផល ក្រុមការងារ បានរកឃើញមាន អ្នកវិជ្ជមាន កូវីដ១៩ ចំនួន ១៣នាក់ ។
ហេតុនេះ ក្រុមការងារអាជ្ញាធរសមត្ថកិច្ច បានបន្តស្រាវជ្រាវ យកអ្នកពាក់ព័ន្ធ ឱ្យទៅពិនិត្យបន្ត ដោយក្រុមការងារ ថ្នាក់ខេត្ត ចុះមក សុំកិច្ចសហការ។ ហើយមានប្រភពព័ត៌មានខ្លះថា ក្រុមហ៊ុននេះ នៅបានគម្រាមកំហែង បំភិតបំភ័យ ដល់បុគ្គលិកខ្លួន មិនអោយចេញក្រៅ ផ្តល់សំណាកផងដែរ ។
ករណីនេះ បុគ្គលិកសន្តិសុខ ក្រុមហ៊ុន ត្រូវបានមន្ត្រី ស្រង់សំដីដូចដែលនិយាយថា៖ បុគ្គលិកដែលសង្ស័យ ត្រូវបានក្រុមហ៊ុន អនុញ្ញាតអោយចេញក្រៅ ផ្តល់សំណាកហើយ។
ក្នុងនោះ អ្នកវិជ្ជមាន ត្រូវបញ្ជូនព្យាបាល។ ឯអ្នកអវិជ្ជមាន ត្រូវដាក់អោយធ្វើចត្តាឡីស័ក ។ អ្នកនៅសល់ បានធ្វើការ និងស្នាក់នៅដាច់ឆ្ងាយ ពីអ្នកវិជ្ជមាន និងអ្នកផ្តល់ សំណាកខាងលើ ។
ចំពោះការបង្ហើបនេះ ខាងអ្នកទទួលខុសត្រូវ ឬអ្នកមានសិទ្ធិនិយាយ ក្នុងនាមតំណាងក្រុមហ៊ុននេះ មិនព្រមបំភ្លឺ ដល់សារព័ត៌មានឡើយ មកទល់ព្រលប់ ថ្ងៃទី៨ ខែមិថុនា ម្សិលម៉ិញនេះ ៕