យោងតាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ម្សិលម៉ិញ នេះបាន បញ្ជាក់អោយដឹងថា ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋ មន្រ្តីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ជាមួយលោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការ បរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការ បរទេសពិសេស អាស៊ាន-ចិន នៅប្រទេសចិន នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីផ្លាស់ប្ដូរ ទស្សនៈ ស្ដីពីកិច្ច សហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលជាប្រយោជន៍រួម ជាពិសេសការរៀប ចំប្រារព្ធខួបលើក ទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០២២ ខាងមុខ។
ប្រមុខការទូតកម្ពុជា-វៀតណាម បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការយ៉ាង ជិតស្និទ្ធជាមួយគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ច សហប្រតិបត្តិការលើ គ្រប់វិស័យ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស, ក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បាន សម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការប្រកប ដោយផ្លែផ្កា ដែលត្រូវបានពង្រីកនៅក្នុងវិស័យជាច្រើនរួមមាន ពាណិជ្ជកម្ម ការវិនិយោគ សុខា ភិបាល ការអប់រំ ទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើង តាម រយៈមូលដ្ឋានទំនុកចិត្តដ៏រឹងមាំ ការយោគយល់គ្នា សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្ដែងនូវការកោតសរសើរយ៉ាងខ្ពស់ចំពោះការផ្ដល់ ជំនួយ និងការឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានសម្ដែងការពេញចិត្តចំពោះកំណើនគួរឱ្យកត់សម្គាល់ នៃទំហំពាណិជ្ជកម្មទ្វេភាគី ទោះបីជួបប្រទះនូវបញ្ហាប្រឈមដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ក៏ដូច ជាកិច្ចប្រតិបត្តិការនៅច្រកព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តាន់ណាម កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១ ដោយអាជ្ញាធរខេត្តព្រៃវែងរបស់កម្ពុជា និងអាជ្ញាធរខេត្តតៃនិញរបស់វៀតណាម ដែលនឹង ជួយសម្រួលពាណិជ្ជកម្មឆ្លងដែន និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
«រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធ ជាមួយគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ»។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាព ដើម្បីរៀបចំកិច្ចប្រជុំលើកទី១៩នៃគណៈកម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីដោយមានការចូលរួមផ្ទាល់ និងកិច្ចប្រជុំលើកទី៧ នៃកិច្ចពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នៅចុងឆ្នាំ ២០២១ ឬដើមឆ្នាំ ២០២២។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ ប្រទេសវៀតណាម ពីសំណាក់ឯកឧត្តម ប៊ូយ ថាញ់សឺន ក្នុងពេលវេលាសមស្របផងដែរ។
ឯកឧត្តម ក៏បានអញ្ជើញសមភាគីវៀតណាមមកធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៩ នៃគណៈ កម្មាធិការរួមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងទស្សនកិច្ចផ្លូវការមកកាន់កម្ពុជាផងដែរ៕