យោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ បានអោយដឹងថា លោក Emmanuel Macron ប្រធានាធិបតីបារាំង ត្រូវបានគេទះកំផ្លៀងមួយ ទំហឹង ក្នុងដំណើរ បំពេញទស្សនកិច្ចផ្លូវការនៅភាគអាគ្នេយ៍នៃប្រទេសបារាំង។
នៅក្នុងវីដេអូមួយ ដែលផ្សាយពាសពេញលើបណ្តាញសង្គម Twitter លោក Macron ត្រូវបានគេ មើលឃើញថា កំពុងដើរឆ្ពោះទៅរកមហាជនដែលមានរនាំងនៅពីមុខ នៅពេលធ្វើដំណើរទៅដល់ តំបន់ Tain-l’Hermitage ខាងក្រៅទីក្រុង Valence។
រំពេចនោះមានបុរសមាឌធំសក់វែងម្នាក់ បានលើកដៃទះកំផ្លៀងលោកប្រធានាពេញមួយទំហឹង នៅចំពោះមុខមន្ត្រីប៉ូលីស ហើយភ្លាមៗនោះ លោកប្រធានាធិបតីត្រូវបានគេនាំចេញពីកន្លែងកើតហេតុ។
ប្រព័ន្ធផ្សព្វផ្សាយបារាំងរាយការណ៍ថា មានបុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានហេតុការណ៍ នេះ ហើយរហូតមកដល់ពេលនេះដែរ អត្តសញ្ញាណ និងគោលបំណងរបស់បុរសនោះនៅ មិន ទាន់ ដឹង ច្បាស់នៅឡើយទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យ ដឹងថា រូបគាត់និងបុគ្គលម្នាក់ទៀតកំពុងត្រូវបានសួរចម្លើយដោយកងអាវុធហត្ថ។
សូមបញ្ជាក់ថា លោកប្រធានាធិបតី Macron បច្ចុប្បន្នកំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសបារាំង ហើយទើបតែបានទៅទស្សនកចិ្ចសាលាសណ្ឋាគារមួយនៅ Tain-l’Hermitage ។
ហើយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនេះទៀតសោត ធ្វើឡើងនៅមុនថ្ងៃដ៏សំខាន់ នៃ ការសម្រេចបើកឲ្យដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច ក្រោយបានបិទខ្ទប់អស់រយៈពេល ៧ខែ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩៕